ត្បូងឃ្មុំ ÷ ពលរដ្ឋរស់នៅក្នុង ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ចាំមើល លោកម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ឡើងកាន់តំណែងថ្មីៗនេះ មានចំណាត់យ៉ាងណា ចំពោះតាជ័រ ម្ចាស់សង្វៀនប្រជល់មាន់ ប្រចាំភូមិកំពង់ទ្រាស២ បានអះអាង នឹងគ្រៀងគរពួកញៀនល្បែង អោយចូលលេង ម៉ាសុខស្រួល ចុះ ព្រោះតាជ័របានរត់ការបែងចែក ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ អស់ហើយ កុំអោយអាតិថិជន របស់ខ្លួនព្រួយបារម្ភ។
ប្រជាពលរដ្ឋ បានកត់សម្គាល់ថា តាំងពីមាន សង្វៀនបញ្ជល់មាន់ វង់បៀរ អាប៉ោង ក្នុងភូមិកំពង់ទ្រាស ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ក្រុមអ្នកញៀនល្បែង លេងក្នុងពុម្ពព្រៃឬស្សី រហូតមកដល់ពេលនេះគឺមិនដែលឃើញ លោក អធិការដ្ឋានស្រុកក្រូចឆ្មារ នឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាប ទីតាំងជល់មាន់របស់តាជ័រនៅឡើយទេ។
ពលរដ្ឋ រស់នៅជិត សង្វៀនប្រជល់មាន់ បានបន្តរិះគន់ថា ល្បែងស៊ីសងខុសច្បាប់ ក្នុងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ បើកលេងយូរខែ យូរឆ្នាំមកហើយ អ្នកខ្លះចាញ់អស់លុយ រាប់លានរៀល រាប់ពាន់ដុល្លារនឹងឈានដល់ប្រចាំទ្រព្យសម្បត្តិផ្សេងៗ ដូចជា រថយន្ត ម៉ូតូ ប្លង់ដី គ្រឿងអលង្ការជាដើម ។
ម្យ៉ាងវិញ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសណ្តាប់ធ្នាប់ ប៉ុន្តែមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ រក្សាភាពស្ងៀមស្ងាត់ ឬមួយ សម្ងំទទួលផលប្រយោជន៍ ពីម្ចាស់បនល្បែង បានជាមិនមានវិធានការណ៍ ចុះបង្ក្រាបសោះ។
ប្រជាពលរដ្ឋអំពាវនាវ ជាថ្មីម្តងទៀតឲ្យ លោកម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ទេីបកាន់តំណែងថ្មី និងលោក ជាមច័ន្ទ សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ មេតា្តចាត់វិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងភូមិកំពង់ទ្រាស២ ស្រុកក្រូចឆ្មារ របស់តាជ័រ ជាបន្ទាន់។
ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានលើកឡើងថា ផ្តើមចេញ ពីល្បែងស៊ីសងខុសច្បាប់ ទើបបច្ចុប្បន្ន ក្នុងឃុំកំពង់ទ្រាស កើតមានអំពើចោរកម្ម និងអំពើហឹង្សា ក្នុងគ្រូសារ បទល្មើសកើតមានផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសង្គមនិងគ្រឿងញៀន រីករាលដាលគូរអោយកត់សម្គាល់ ៕