ភ្នំពេញ៖ សមាជិកសភាតំណាងរាស្ត្រ របស់អាមេរិក បានលើកថាប្រវត្តិសាស្ត្ររបស់អាមេរិក បានធ្វើឲ្យកម្ពុជា បរាជ័យ ដ៏ឈឺចាប់ និងនាំឲ្យកម្ពុជាធ្លាក់ចូល ក្នុងរបបប៉ុលពត តែមកដល់ពេល បច្ចុប្បន្នអាមេរិកបានផ្តល់ជំនួយ តិចតួច បំផុត សម្រាប់ស្រោចស្រង់ប្រទេសក្នុងតំបន់អាស៊ីមួយនេះ។
នេះជាការលើកឡើងរបស់លោក Faleomavaega សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅក្នុងសវនា ការមួយមានឈ្មោះថា «កម្ពុជាកំពុងលេចឡើងនូវវិបត្តិសង្គម និងនយោបាយ» ដែលរៀបចំឡើង កាលពីថ្ងៃ ទី០៩ ខែកក្កដាឆ្នាំ២០១៣។ ការលើកឡើងនេះ ក៏ស្របពេលដែលសមាជិក សភាអាមេរិក លោក ដាណារ៉ូរ៉ាបាឃើ លើកឡើងពីភាពអវិជ្ជមាន មួយចំនួននៅកម្ពុជា ដោយគ្រាន់តែស្តាប់របាយការណ៍របស់ក្រុម អង្គការ សង្គម ស៊ីវិល មួយក្តាប់តូច ដោយមិនឈរលើទិដ្ឋភាពជាក់ស្តែង និងពិនិត្យឲ្យបានគ្រប់ ជ្រុងជ្រោយ ដែល កំពុងកើតមាននៅកម្ពុជា។សមាជិកសភាតំណាងរាស្ត្រ អាមេរិករូបនេះ បានថ្លែងបន្តថា «ប្រវត្តិសាស្ត្របង្ហាញថា សហរដ្ឋអាមេរិក បានធ្វើឲ្យ កម្ពុជាបរាជ័យដ៏ឈឺចាប់ ហើយសវនាការថ្ងៃនេះ សន្និដ្ឋានទុកជាមុនថា កម្ពុជា មានកំហុសដោយសារមិនមាន លទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ ដូចដែលយើងចង់បាន»។ «គួរឲ្យសង្វេគណាស់ ដែលប្រវត្តិសាស្ត្រ បង្ហាញថា សហរដ្ឋអាមេរិកមានចំណែកធ្វើឲ្យ កើតមានរបបប៉ុលពត ហើយសព្វថ្ងៃនេះ បែរជាប្រទេសចិនជាប្រទេសផ្តល់ជំនួយ ដ៏ ច្រើនដល់កម្ពុជា មានចំនួន ៨០០លានដុល្លារ ពីឆ្នាំ ២០០៧ ដល់២០០៨។ រីឯសហរដ្ឋអាមេរិក បានផ្តល់ជំនួយ តែជាង ១០០លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលដូចគ្នានេះ»។
លោក Faleomavaega បានលើកឡើងជាអនុសាសន៍ជាច្រើនដើម្បីឲ្យអង្គសវនាការពិចារណាឡើងវិញ ពីកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយបណ្តា ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាពិសេសជាមួយប្រទេសកម្ពុជាដែលអាមេរិកធ្លាប់បានធ្វើខុសយ៉ាងធ្ងន់ធ្ងរជាមួយនោះ។
លោក បានលើកឡើងថា «នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកហាក់បីដូចជាមានបេសកកម្មបង្កភាពច្របូក ច្របល់ នៅទីនេះ នៅទីនោះនិងនៅគ្រប់ទីកន្លែងជុំវិញពិភពលោក ដែលយើងអាចប្រើប្រាស់សម្ព័ន្ធមិត្ត និងដៃគូទាំងនេះ បាន។ ខ្ញុំសង្ឃឹមថា ករណីរបស់កម្ពុជាយើងនឹងដំណើរការដោយភាពប្រុងប្រយ័ត្ន»។
លោក Faleomavaega បានលើកឡើងផងដែរថាប្រសិនបើអាមេរិកយកចិត្តទុកដាក់ខ្លាំងអំពីសិទ្ធិមនុស្សនៅ កម្ពុជាដែលអាមេរិកធ្លាប់បរាជ័យ ដ៏ឈឺចាប់នោះ អាមេរិក គួរតែពិចារណាពាក្យពេចន៍របស់សមាជិក សភា ពាណិជ្ជ កម្មអាមេរិកាំង ដែលទើបនឹងលើកឡើងថ្មីៗនេះថា «មធ្យោបាយមួយ ដើម្បីដោះស្រាយបញ្ហាសិទ្ធិ មនុស្ស គឺត្រូវជំរុញឲ្យមានការវិនិយោគដើមទុនប្រកបដោយការទទួលខុសត្រូវ»។
លោក Daniel Mitchell នាយកប្រតិបត្តិ SRP International Group និងជាសមាជិកក្រុមប្រឹក្សាភិបាល ធុរកិច្ច អាមេរិកាំង-កម្ពុជាក៏បានធ្វើសេចក្តីសន្និដ្ឋាន នៅក្នុងអង្គសវនាការនោះផងដែរ ថាបរិយាកាសដំណើរការ ឃោសនាបោះ ឆ្នោត ក៏ដូចជាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែមានភាពល្អប្រសើរច្រើន មិនដូចជាការលើក ឡើងរបស់ក្រុមអង្គសង្គមស៊ីវិលមួយចំនួនតូចនោះទេ។
លោក Daniel Mitchell បានថ្លែងថា «បរិយាកាសដំណើរការឃោសនាបោះឆ្នោតពេលនេះមានលក្ខណៈស្ងប់ ស្ងាត់ល្អជាងពេលមុនៗ។ អំពើហិង្សាផ្នែកនយោបាយស្ទើរតែគ្មានចាប់តាំងពីថ្ងៃដំបូង នៃយុទ្ធនាការឃោសនា បោះឆ្នោតដែលចាប់ផ្តើមកាលពីចុងខែមុន។ គណបក្សធំៗ ចំនួនពីរបានដង្ហែក្បួនឃោសនាលើដងផ្លូវតែមួយ ប៉ុន្តែមិនមានឧបទ្ទវហេតុនោះទេ។»
សមាជិកក្រុមប្រឹក្សាភិបាលធុរកិច្ចអាមេរិកាំង-កម្ពុជា រូបនេះ បន្តថាប្រទេសកម្ពុជាមានអង្គការ និងសង្គមស៊ីវិល ជាង ៣.០០០កំពុងបំពេញការងារយ៉ាងសកម្ម និងស្វាហាប់ហើយមានសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិទៀត ផង។ ជាងនេះទៅទៀតកម្ពុជាមានអង្គការសាព័ត៌មាន ដែលបោះពុម្ពផ្សាយជាសេរី ដោយមិនមានការដាក់កម្រិតអ្វីឡើយ។ សារព័ត៌មានទាំងនោះ បានសរសេរអត្ថបទរិះគន់រដ្ឋាភិបាលជារៀងរាល់ថ្ងៃ។
លោក Daniel Mitchell បញ្ជាក់ថា «ការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនគឺជាមធ្យោបាយដ៏មាន ប្រសិទ្ធភាពមួយក្នុងការ ដោះស្រាយបញ្ហាសិទ្ធិមនុស្ស។ដូចនេះ រដ្ឋាភិបាល និងធុរកិច្ចសហរដ្ឋអាមេរិក មិនគួរឲ្យបាត់បង់ឱកាសនេះ នៅក្នុងប្រទេសកម្ពុជាឡើយ។ បរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជាបានផ្តល់ឱកាសចូលរួមធ្វើឲ្យ សេដ្ឋកិច្ចរីក ចម្រើនដែលអាចជួយប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើរ។ ការបន្តផ្តល់ជំនួយបរទេសនិងការលើកស្ទួយ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ចគឺជាការផ្តល់ឱកាសដ៏ល្អបំផុតមួយក្រោយការបោះឆ្នោត»។
ការលើកឡើងនូវទិដ្ឋភាពជាក់ស្តែង និងបច្ចុប្បន្នភាពកម្ពុជា ដែលកំពុងតែមានពីសំណាក់មន្ត្រីជាន់ខ្ពស់អាមេរិក ទាំង ២រូបខាងលើត្រូវបានប្រជាពលរដ្ឋកម្ពុជា សម្តែងនូវការសាទរហើយរំពឹងយ៉ាងមុតមាំថារដ្ឋាភិបាលអាមេរិក របស់លោក បារ៉ាក់ អូបាម៉ានឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដូចដែលបានធ្វើនាពេលកន្លងមក។
ព្រមគ្នានេះ ពលរដ្ឋកម្ពុជា ក៏អរគុណទុកជាមុនផងដែរចំពោះរដ្ឋាភិបាលអាមេរិក ដែលនឹងធ្វើការ វិនិច្ឆ័យដ៏ ត្រឹមត្រូវក្នុងការជួយរក្សាស្ថិរភាព នយោបាយនៅកម្ពុជា ព្រមទាំងបន្តផ្តល់ជំនួយស្តារនិងអភិវឌ្ឍប្រទេស ក្នុងតំបន់អាស៊ី ដែលរងនូវភ្លើងសង្គ្រាម ដ៏សែនឈឺចាប់និងគួរឱ្យរន្ធត់ មួយនេះ។
ក្រុមអ្នកតាមដានសភាពការណ៍ចុងក្រោយអំពីបញ្ហាកម្ពុជានិងអាមេរិក បានធ្វើការវិភាគដោយបានលើកឡើងថា ស្ថានភាពផុយស្រួយនៃទំនាក់ទំនងប្រទេសទាំងពីរ តម្រូវឲ្យអាមេរិកស្វែងយល់ឲ្យច្បាស់អំពីកម្ពុជា។
អ្នក វិភាគបានលើកឡើងទៀតថា ទំនាក់ទំនងកម្ពុជានិងអាមេរិកបានមកដល់ចំណុចរបត់មួយដែលតម្រូវអោយ រដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បី ធានាថារបត់ចុងក្រោយនឹងមិនរុញច្រានទំនាក់ទំនងប្រទេសទាំងពីរអោយកាន់តែធ្លាក់យ៉ាប់យ៉ឺនជាងនេះ។
រហូតមកទល់ពេលនេះ អាមេរិកមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយទេអំពីថាតើ ខ្លួនត្រូវបន្តជួយកម្ពុជាឬក៏សម្រេចចិត្តកាត់បន្ថយជំនួយសម្រាប់ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។អ្នកវិភាគនយោបាយនិយាយថា នៅក្នុងស្ថានភាពដ៏ផុយស្រួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ វាតម្រូវអោយមានការពិភាក្សាដ៏បើកចំហនិងយោគយល់គ្នាដើម្បីអោយមានការ យល់ច្បាស់អំពីស្ថានការណ៍ដែលកំពុងកើតមាននៅកម្ពុជា។
អ្នកវិភាគនិយាយទៀតថា ការពិតដ៏គ្រប់ជ្រុងជ្រោយមួយត្រូវតែផ្តល់អោយអ្នកច្បាប់និងរដ្ឋាភិបាលនៅក្រុងវ៉ាស៊ីនតោន។
វាជាកិច្ចការរបស់អ្នកការទូតអាមេរិកនៅកម្ពុជាដែលត្រូវធ្វើ ការសម្របសម្រួលដើម្បីធានានូវទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈ ការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជានិងអ្នកនយោបាយ ដើម្បីប្រមូលព័ត៌មានដ៏គ្រប់ជ្រុងជ្រោយបំផុតសម្រាប់ឈានដល់ ការសន្និដ្ឋានអំពីស្ថានភាពនយោបាយនៅកម្ពុជា៕ ដោយ៖ ហង្សទេព