ភ្នំពេញ ៖ បុរសរត់កង់បីម្នាក់ត្រូវបានឆ្មាំកាំភ្លើងបាញ់ចំនួន៣គ្រាប់ រួចព្យាយាមជិះមកមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីព្យាបាល កាលពីថ្ងៃទី០៥ មីនា ឆ្នាំ២០១៤ នៅចំណុចកែងផ្លូវលេខ៤៧និង៦១ស្ថិតក្នុងភូមិទី៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជន ហាត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសមួយគ្រាប់ចំចង្កេះខាងឆ្វេង។
មុនពេលកើតហេតុបុរសរងគ្រោះជន ហាត បើករ៉ឺម៉ក់ម៉ូតូដឹកបុរសម្នាក់តាមផ្លូវលេខ៤៧ទិសដៅពី ជើងទៅត្បូង លុះមកដល់កែងផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកអាយខនជិះម្នាក់ឯងបញ្ច្រាសទិសគ្នា ហើយជិះប៉ះរ៉ឺម៉កម៉ូតូ។ ពេលបុរសរងគ្រោះឈប់រ៉ឺម៉កម៉ូតូស្រែកជេរហើយក៏ចុះ ទាញយកបំពង់ទីបបម្រុងវាយទៅលើភាគីម៉ូតូអាយខន តែត្រូវបានបុរសម្នាក់ដែលជាភ្ញៀវជិះរ៉ឺម៉ក់ម៉ូតូកង់បីជួយឃាត់ ។ពេលនោះភាគីម៉ូតូអាយខនបានបើកទៅបាត់ ប្រហែលជា៥នាទីក្រោយមក ឃើញជននេះបានដឹកបក្សពួកម្នាក់ត្រឡប់មកវិញឈប់ក្បែរម៉ូតូជនរងគ្រោះ រួចបុរសម្នាក់ដែលអង្គុយខាងក្រោយក៏បានធាក់ទៅលើជនរងគ្រោះបណ្តាលឲ្យដួល។ ក្រោយមកពួកគេក៏ជិះម៉ូតូចេញប្រហែល១០ម៉ែត្រក៏ទាញកាំភ្លើងចេញពីចង្កេះខោហើយបាញ់សំដៅទៅលើបុរសរងគ្រោះជាបន្តបន្ទាប់ចំនួន៣គ្រាប់រួចគេចខ្លួនបាត់។ សមត្ថកិច្ចបាននិយាយថា ក្រោយពីខ្មាន់កាំភ្លើងគេចខ្លួនជនរងគ្រោះបានបើករ៉ឺម៉ក់ម៉ូតូចេញ តែមិនដឹងថារូបខ្លួនត្រូវគ្រាប់នោះទេលុះបន្តិចមកទើបដឹងថាត្រូវគេបាញ់ចំចង្កេះខាងឆ្វេងហូរឈាមយ៉ាងច្រើនរួចបង្ហួសចូលមន្ទីរពេទ្យកាល់ម៉ែត។
បច្ចុប្បន្ន ក្រោយពី រកឃើញសំបកគ្រាប់កាំភ្លើងមួយ ប្រភេទកា៥៩នៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យ៕