ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម បណ្តោយផ្លូវ ១៩៨៦ កែងនឹងផ្លូវ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បានបើករថយន្ត តូយ៉ូតា ព្រូស ហើយទំនងជាស្រវឹងស្រាផង បានបោះពួយ ក្នុងល្បឿនលឿន ជ្រុលទៅបុក ទម្លុះចូលផ្ទះ អ្នកលក់អីវ៉ាន់ចាប់ហួយ មួយកន្លែង បណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនធំ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។
មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនឹងនារីម្នាក់ទៀត បើករថយន្ត តូយ៉ូតា ព្រូស ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-4500 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៧ ទិសដៅពីខាងជើង ទៅខាងត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខាងលើកែងនឹងផ្លូវ ១៩៨៦ រថយន្តមិន បានបត់នោះទេ បែរជាជ្រុលទៅត្រង់ បុកទម្លុះចូលផ្ទះអ្នកលក់អីវ៉ាន់ចាប់ហួយបណ្ដាល ឲ្យរងការខូចខាតសម្ភារមួយចំនូនធំ ។ ចំណែករថយន្តបង្ក ទៅមុខលែងរួច។ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ឲ្យភាគីទាំងសងខាងសម្របសម្រួល គ្នាអស់រយៈពេលជិតកន្លះម៉ោង ដោយមិនត្រូវគ្នា ទើបសមត្ថកិច្ចទំនាក់ទំនងទៅផ្នែក ជំនាញ ចុះមកវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕