ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ឆែម ពេត អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានចូលតុលាការ ដើម្បីបំភ្លឺពី ដំណើររឿងឆបោក ពាក់ព័ន្ធការទិញលក់ដី ទំហំ ២ ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រោយការសាកសួររួចហើយ លោក ឌុច សុខសារិន អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួន និងអនុញ្ញាតឲ្យលោក ឆែម ពេត ត្រឡប់ទៅវិញ តែនៅបន្តចាត់ការ សំណុំរឿងនេះ តាមនីតិវិធីដដែល។
ចំណែកលោក មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក៍ត្រូវតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះដែរ។ ការចេញដីកាបង្គាប់នេះ បានកើតឡើង ក្រោយពេលដែលលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ បានសម្រេចចោទប្រកាន់ លោក មាស សាវឿន និង លោក ឆែម ពេត ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដី ទំហំ ២ ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមដីកាសន្និដ្ឋាន បញ្ជូនអោយស៊ើបសួរ ដែលទើបទទួលបាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ គឺជនត្រូវចោទទាំង ២ នាក់ លោក មាស សាវឿន និង លោក ឆែម ពេត ត្រូវដាក់អោយស្ថិត ក្រោមការចោទប្រកាន់ ពីបទឆបោក ដែលប្រព្រឹត្តកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តាមមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ជុំវិញបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ជានីតិវិធី ព្រះរាជអាជ្ញា ត្រូវជូនដំណឹង ស្តីពីការការ ចោទប្រកាន់ មកកាន់ក្រសួងយុត្តិធម៌ ដែលជាស្ថាប័នសាម៉ី ហើយ លោក មាស សាវឿន ត្រូវចូលរួមនីតិវិធី ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ដូចគេដូចឯង ជាធម្មតា ។
បើតាមលោក ជិន ម៉ាលីន គឺពេលនេះ លោក មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ កំពុងបំពេញមុខងារ និងតួនាទី ជាធម្មតា ដោយសារលោក ត្រឹមជាជនសង្ស័យ ដោយពុំទាន់មានសាលក្រមផ្តន្ទាទោស នៅឡើយទេ ។
លោក មាស សាវឿន ដែលជាអតីតអភិបាលរង ខេត្តព្រះវិហារ ផងនោះ ក៏ធ្លាប់បានរងការចោទប្រកាន់ ថាបានរំលោភយកដី ស្របច្បាប់របស់លោកស្រី លឹម វណ្ណា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ផងដែរ ៕