ភ្នំពេញ: ហេតុការណ៍ នេះបានកើតឡើង កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ថានីយ៍ប្រេងតូតាល់ តាមផ្លូវលេខ៥៩៨ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។
នារីជាកម្មករសំណង់ម្នាក់ ត្រូវបានក្រុមទំលាក់យោងចំនួន ៤នាក់ ប្រើល្បិចធ្វើជាជ្រុះមាសហើយនាំយកទៅកន្លែងស្ងាត់ ដោះយកគ្រឿងអលង្កា គិតជាប្រាក់ប្រមាណជាង ៤០០ដុល្លារ ហើយគេចខ្លួនបាត់ បន្សល់ទុកគ្រាប់កង់មួយកូនថង់ជាថ្នូរ។ នារីដែលចាញ់បោកគេ ឈ្មោះ ស៊ុន រ៉ែន អាយុ ៣៨ឆ្នាំ ជាកម្មករ ស្នាក់នៅកន្លែងការដ្ឋាន ក្នុងវត្តញ្ញាណរង្សី សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមនារីរូបនោះ បានឲ្យដឹងថា នាងបានធ្វើដំណើរទៅផ្សារ ងិន អាន ហៅផ្សារទំនប់ ខាងកើតអតីតរង្វង់មូលខាំកូស៊ីធី ដើម្បីទិញម្ហូប ស្រាប់តែមាននារីម្នាក់ ធ្វើជារើសបានកញ្ចប់មាសយកបង្ហាញហើយនារីម្នាក់ទៀត ធ្វើជានិយាយបញ្ចុះបញ្ចូល ហើយនាំទៅលក់ចែក គ្នាហើយមានម៉ូតូ២គ្រឿងទៀត ជាអ្នកឌុបមកឈប់នៅតាមផ្លូវលំខាងលិច ជាប់ម៉ាតតូកាល់ ហើយដោះយកខ្សែដៃ មួយខ្សែ ដែលទិញក្នុងតម្លៃ ២០០ដុល្លារ ព្រមទាំងក្រវិលមាស១ជី រួចក្រគល់ឲ្យកូនកាបូបដែលមានសុទ្ធតែ គ្រាប់កង់មួយកូនថង់ រួចនារី២នាក់នោះ ក៏បានជិះម៉ូតូមួយគ្រឿង ដែលជាបក្ខពួកគេចទៅបាត់។ ដោយឡែកម៉ូតូ១គ្រឿង ដែលសង្ស័យ ជាបក្ខពួកដែរនោះមិន ព្រមដេញតាមទេបន្ទាប់ពីនារីនោះដឹងខ្លួនថា ចាញ់បោកគេ។ បន្ទាប់ពីចាញ់បោកគេ នារីរូបនោះក៏បានហៅម៉ូតូឌុបជិះតាមរកគ្រប់ច្រកមិនឃើញ នៅវេលាម៉ោងប្រមាណ ១០និង៤០នាទីព្រឹកក៏បានធ្វើដំណើរ ទៅសុំបុគ្គលិកម៉ាតតូតាល់ ឆែកមើល កាមេរ៉ាសុវត្តិភាពដោយយំខ្សឹកខ្សួលនិងរៀបរាប់គួរឲ្យអាណិតអាសូរជាខ្លាំង។ នារីរូបនោះយំរៀបរាប់ថា នាងត្រូវបានគេដាក់ថ្នាំយកគ្រឿងអលង្កាអស់ពីខ្លួន បន្ទាប់ពីសួរនាំទើបដឹងថា ចាញ់បោកក្រុមទំលាក់យោង។ ក្រោយមកគាត់ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទាំងអស់សង្ឃឹម៕