ភ្នំពេញ៖ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ
ក្រុមយុវជនដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនិងបានវាយតម្លៃអំពីលទ្ធផលនៃយុទ្ធនាការ ឃោសនា បោះឆ្នោតរយៈពេល២សប្តាហ៍កន្លងមកនេះ។
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញលោកកែប ជុតិមាបានមានប្រសាសន៍នៅថ្ងៃទី១២ ខែកក្កដានេះ ដែលត្រូវជាថ្ងៃទី១៥នៃយុទ្ធនាការឃោសនាបោះឆ្នោតថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈ ពេល២សប្តាហ៍ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានដំណើរការងារ តាមកម្មវិធី ដែលបានគ្រោងទុក ដោយរលូនដូចជាការហែក្បួន យុទ្ធនាការឃោសនា ជាទ្រង់ទ្រាយធំនិងការចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ
បង្រៀនប្រជាពលរដ្ឋឲ្យយល់ពីរបៀបគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី៤និងរូបសញ្ញាទេវតា នៅលើ សន្លឹកឆ្នោត ដោយសុំឲ្យប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ ។
លោកបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញមានការសប្បាយចិត្តណាស់ នៅពេលដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ បានគាំទ្រគណបក្សប្រជាជនកម្ពុជាជាពិសេសគឺសមាសភាពយុវជនជាច្រើននាក់
ដែលជា សសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគតបានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយនឹងគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីមុនការចាប់ផ្តើមនៃយុទ្ធនាការឃោសនាបោះឆ្នោត។
លោក កែប ជុតិមា បានបញ្ជាក់អំពីផែនការយុទ្ធនាការឃោសនារយៈពេល២សប្តាហ៍ខាងមុខទៀត គឺបន្តចុះគ្រប់ខ្នងផ្ទះ របស់ប្រជាពលរដ្ឋតាមមូលរដ្ឋាននៅមណ្ឌលរាជធានីភ្នំពេញ ដើម្បីបង្រៀនប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ជូន
គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី៤ នៅលើសន្លឹកឆ្នោតនិងសុំឲ្យគាត់បោះឆ្នោតជូនគណបក្សប្រជាជានកម្ពុជា នៅថ្ងៃទី២៨ខែកក្កដា និងបន្តផ្សព្វផ្សាយសារនយោបាយដល់ប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដែលជាកំលាំងយ៉ាង សំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា៕