បន្ទាយមានជ័យៈ កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ជនអនាថា បានចូលទៅរស់នៅ ក្នុងផ្ទះគ្មានមនុស្ស រស់នៅ នៅម្តុំស្ថានីយ៍រថភ្លើង សិរីសោភ័ណ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ហើយបានបង្កាត់ភ្លើង មិនប្រយ័ត្ក បង្កឱ្យឆេះផ្ទះ ២ខ្នង។
អគ្គិភ័យនោះបង្កអោយ ឆេះ ១.ផ្ទះឈើ ដំបូលប្រក់ស័ង្កសី ទំហំ ៧ ម៉ែត្រ គុណនឹង ១២ ម៉ែត្រ ខូចខាតទាំងស្រុង ។ ម្ចាស់ផ្ទះ ឈ្មោះ សូវ ង៉ូវទ្រី ភេទប្រុស អាយុ ៦៥ ឆ្នាំ។ ២. ផ្ទះឈើផ្នែកខាងក្រោយ ដំបូលប្រក់ស័ង្កសី ទំហំ ៦ ម៉ែត្រ គុណនឹង ២០ ម៉ែត្រ សង់ពីថ្ម ផ្នែកខាងមុខ ខូចខាតទាំងស្រុង (ផ្ទះគ្មានមនុស្ស រស់នៅ) ម្ចាស់ផ្ទះ ឈ្មោះ ម៉ាន់ គឹមលាង ភេទស្រី អាយុ ៤៨ ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា។
មូលហេតុនៃការឆេះ តាមការសន្និដ្ឋាន បណ្តាលមកពីជនអនាថា ចូលទៅរស់នៅ ហើយប្រើប្រាស់ភ្លើង មិនមានការប្រុងប្រយ័ត្ន ព្រោះក្នុងផ្ទះ គ្មានចរន្តអគ្គិសនីឡើយ។ អគ្គិភ័យនេះ បណ្ដាលឱ្យឆេះតែសំបកផ្ទះ ពុំមានទ្រព្យសម្បត្តិ ខូចខាតទេ ដោយសារកម្លាំងនគរបាល និងម្ចាស់ផ្ទះ ប្រមូលចេញ ទាន់ពេល។
សមត្ថកិច្ច បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យរបស់ខេត្ត ២ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ-អគ្គិភ័យ និងវេនប្រចាំ បញ្ជាដឹកនាំ ដោយលោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធាន មនុស្ស ដើម្បីសហការ និងប្រើប្រាស់ទឹកអស់ ៥ រថយន្ត។ ក្នុងនោះដែរ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធ ក៏បានទៅចូលរួមអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យនោះដែរ ៕