បន្ទាយមានជ័យៈ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា ករណីប្លន់នេះបានកើតឡើងនៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២២ ខែមករា ឆ្នំា២០២១។
ជនសង្ស័យម្នាក់បានប្រើល្បិចហៅម៉ូតូឌុបជិះ លុះដល់កន្លែងស្ងាត់ យកកូនកាំបិតអារកជនរងគ្រោះរបួសធ្ងន់ ប្លន់យកម៉ូតូ។ តែត្រូវអាវុធហត្ថឃាត់ខ្លួននៅក្រុងប៉ោយប៉ែត ពេលយកទៅបញ្ចាំ។
ជនសង្ស័យឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានឃាតខ្លួនព្រមទាំងដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6610 ដែលជាម៉ូតូរបស់ជនរងគ្រោះ និងកូនកាំបិតចិតបន្លែ១ដើមផងដែរ នៅចំណុចម្ដុំអាគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ សុខុម ជាអ្នករត់ម៉ូតូឌុប។
ជនសង្ស័យត្រូវបានបញ្ជូនពីក្រុងមកខេត្ត ហើយកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្តក៏កសាងសំណុំររឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕