ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូវីវ៉ាដែលបើកដោយ
នារីជាសិស្សសាលាម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។
មុនពេលកើតហេតុគេបានឃើញនារីសិស្សសាលាម្នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BC- 7296 តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1CJ-9983 ពីកើតទៅលិចទាំងបញ្ច្រាសទិសដៅ ចរាចរណ៍ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូវីវ៉ាចំពីមុខពេញទំហឹងបណ្តាលឲ្យភាគីខាង ម៉ូតូវីវ៉ារងរបួសបាក់ឆ្អឹងជង្គង់ខាងឆ្វេងចេញមកក្រៅ ចំណែកភាគីម្ខាងទៀតរបួសក្បែរប្រដាប់ភេទ។
ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅ
ប៉ុស្តិ៍ចោមចៅទី៣រង់ចាំដោះស្រាយតាមច្បាប់៕