ខេត្តតាកែវ៖ លោកស្រី យឹម ជ្រឿន ភរិយានៃសព ថ្លែងប្រាប់សារព័ត៌មាន ថា ប្តីលោកស្រីបានស្លាប់ហើយ ដោយសារតែទទួលរងនូវអំពើហិង្សាពីលោក គឹម សារិទ្ធ ខណៈមកទល់ពេលនេះ មិនទាន់ទទួលបានសំណងសូម្បីមួយរៀល ។ ភរិយានៃសព កំពុងរង់ចាំនូវយុត្តិធម៌ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ តែម្តង។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ ជាអំពើដ៏អយុត្តិធម៌មួយ កើតមាននៅក្នុងសង្គម ខណៈមន្ត្រីនគរបាលយុត្តិធម៌ និងតំណាងអយ្យការ ហាក់ស្ទាក់ស្ទើរក្នុងការបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន។ ពេលនេះ ជនរងគ្រោះឈ្មោះ ភឹម វី រស់នៅភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលទទួលរងនូវអំពើហិង្សាពីលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខនិង បក្ខពួក បានស្លាប់បាត់ហើយ ក្រុមជនបង្កកំពុងបន្តរស់នៅក្រៅសំណាញ់ច្បាប់។
ដោយឡែក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្លែងប្រាប់សារព័ត៌មាន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថា លោកបានបញ្ជាអោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវករណីនេះហើយ ។
ទោះជាអំពើហិង្សានេះត្រូវបានប្រព្រឹត្តដោយលោក គឹម សារិទ្ធ ក៏ជនបង្កព្យាយាម បដិសេធ ចំពោះសកម្មភាពដែលខ្លួនប្រព្រឹត្ត។ ក្នុងនោះថ្មីៗនេះ លោក គឹម សារិទ្ធ បានបកស្រាយ ថា លោកមិនបានប្រើអំពើហិង្សាលើជនរងគ្រោះ នោះទេ ពោលគឺ នេះជាឧបទ្ទហេតុនៃទូកបុកគ្នា ។
ករណីនេះ កើតឡើងកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចកោះ អញ្ចាញ ក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ ក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថា តំណាងអយ្យការ និងចាត់ការក្នុងរឿងបទឧក្រិដ្ឋនេះ ផ្ដល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ៕