ភ្នំពេញៈ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូ ភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ។ បុរសម្នាក់ខឹងអតីតសង្សារមានថ្មី បានផ្ញើសារគំរាមទារប្រាក់ បង្ហោះរូបភាពដែលធ្លាប់ដេកជាមួយគ្នា និងគំរាមសម្លាប់ថែមទៀត ប៉ុន្តែត្រូវបាននារីជាអតីតសង្សារប្តឹងសមត្ថកិច្ចចាប់ខ្លួន។
ជនសង្ស័យឈ្មោះ សឿ សារ៉ន ហៅ រាជ សុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរបុគ្គលិក នៃក្រុមហ៊ុននាំពលករខ្មែរទៅប្រទេសជប៉ុន។
កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានទូរស័ព្ទគំរាមស្ត្រីជាអតីតសង្សារ អាយុ៣១ឆ្នាំ ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា បង្ហោះរូបភាពអាសអាភាស ដែលខ្លួនដេកជាមួយស្ត្រីរងគ្រោះ កាលពីអំឡុងចុងឆ្នាំ២០២០ និងគំរាមសម្លាប់ស្ត្រីរងគ្រោះ ហើយបានជេរប្រមាថធ្ងន់ៗជាច្រើនទៀត ខណៈដែលស្ត្រីរងគ្រោះបានដើរលេងជាមួយបុរសម្នាក់ទៀតនៅភ្នំតាម៉ៅ ខេត្តតាកែវ។
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះធ្លាប់ត្រូវបានជនសង្ស័យនាំទៅលេងផ្ទះនៅខេត្តកំពង់ចាម ហើយជនសង្ស័យក៏បានរៀបចំបន្ទប់ឱ្យជនរងគ្រោះដេក រួចធ្វើសកម្មភាពចាប់បង្ខំរួមភេទបានសម្រេច០១លើក និងលួចថតរូបភាពនៅពេលដេកជាមួយគ្នាតាមទូរស័ព្ទ។ នៅពេលនោះជនសង្ស័យបានគំរាមជនរងគ្រោះថា បើហ៊ានប្តឹង រឺទៅប្រាប់អ្នកដទៃ និងបង្ហោះរូបភាពនេះ ចូលក្នុងហ្វេសប៊ុកឱ្យផ្អើលតែម្តង។ ដោយបានរូបភាពនឹងដៃបែបនេះ ហើយជនសង្ស័យក៏បានតម្រូវឱ្យជនរងគ្រោះទិញម៉ូតូម៉ាក PGX ០១គ្រឿងតម្លៃ ២៥០០ដុល្លារ ទៅឱ្យជនសង្ស័យបើមិនធ្វើតាមទេ និងយករូបភាពនេះទៅបង្ហោះ។
ជនរងគ្រោះខ្លាចខ្មាសគេក៏បានទិញម៉ូតូតាមការចង់បានរបស់ជនសង្ស័យ ដោយធ្វើការបង់រំលស់រយៈពេល០៣ឆ្នាំ។ បន្ទាប់មកនៅថ្ងៃខាងលើដោយការគំរាមកំហែង និងគាបសង្កត់ពីជនសង្ស័យខ្លាំងពេក ជនរងគ្រោះទ្រាំពុំបានក៏សម្រេចចិត្តប្តឹងរាយការណ៍ទៅសមត្ថកិច្ចដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ញើសារជេរប្រមាថ និងគំរាមជនរងគ្រោះ ដោយវត្ថុតាងតាមរយៈសម្លេងផ្ញើសារនៅក្នុងទូរស័ព្ទមិនអាចប្រកែកបាន។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ៕