ខេត្តស្វាយរៀង៖ ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើង កាលពី រសៀលថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។
បុរសម្នាក់ពេលត្រឡប់ពីភ្នំពេញ មកជួបប្រពន្ធនៅស្រុកកំណើតស្រាប់តែមានជម្លោះ គ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹមេភូមិ។ ពេលមេភូមិមកសួរនាំក៏កាប់លោកមេភូមិបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ និងក៏កំពុងឡោមព័ទ្ធជនសង្ស័យផងដែរ។
ជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុនេះ ហើយគេទើបត្រឡប់មកពីភ្នំពេញ។ ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅក្បែរភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែង ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។
ប្រភពបន្តថា ចំណែកសម្ភារខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុងនិងសម្ភារផ្សេងៗមួយចំនួនទៀត។
មុនកើតហេតុជនសង្ស័យ បានធ្វើដំណើរមកពីភ្នំពេញមកលេងស្រុកកំណើត ក្នុងភូមិឃុំកើតហេតុខាងលើ។ បន្ទាប់ពីមកដល់ផ្ទះជនសង្ស័យបានរករឿងឈ្លោះជាមួយប្រពន្ធនិងបានគំរាមរកអារ.ក
ធ្វើឱ្យប្រពន្ធភ័យក៏បានរត់ចេញផ្ទះដើម្បីទៅប្តឹងលោកមេភូមិត្របែកប្រហោង។ ក្រោយមក លោកមេភូមិបានជិះម៉ូតូមកដល់ស្រាប់តែ ជនសង្ស័យបានយកពូថៅកាប់ និងវាយ ត្រូវក្បាលនិងដងខ្លួនលោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថស្រុកកំពុងឡោមព័ទ្ធ ដោយជនសង្ស័យ មានពូថៅជាប់ខ្លួនមិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចចាប់តាមសម្រួលនោះទេ ខណៈផ្ទះកំពុងត្រូវភ្លើងឆេះយ៉ាងខ្លាំង៕