បន្ទាយមានជ័យៈ នៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បុរសពីរនាក់ ម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ដោយសារម៉ូតូ និងរថយន្តធំ បានបុកគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា ត្រង់កន្លែងផ្លូវកោង នៃវិថី ៧ មករា ត្រង់ចំណុចមុខប៉ុស្តិ៍យាម ប្រជាការពារភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ចំណែកតៃកុង និងព្រូឡាន បានត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន ក្រោយពេលកើតហេតុភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូហុងដា សេ ១២៥ ពាក់ផ្លាកលេខ1D-2517 បន្ទាយមានជ័យ បើកបរក្នុងទិសដៅ ពីខាងលិច ទៅខាងកើត ល្បឿនលឿន ផ្លូវកោង បុកប៉ះរថយន្តធុនធំ សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ មុខ 3A-7498 ព្រះសីហនុ និងផ្លាកលេខក្រោយ 4A-0016 បន្ទាយមានជ័យ ក្នុងទិសដៅពីខាងកើត មកខាងលិច (ផ្ទុយគ្នា) ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្លាប់ ១ នាក់ ភេទប្រុស ជាអ្នកបើកបរម៉ូតូ និងរបួសធ្ងន់ ១ នាក់ ភេទប្រុស ជាអ្នករួមដំណើរខាងភាគីម៉ូតូ ប៉ុន្តែមិនទាន់ស្គាល់ឈ្មោះ ទាំងពីរនាក់។ ឯការខូចខាត គឺម៉ូតូខូចធ្ងន់ ១គ្រឿង មូលហេតុ ម៉ូតូបើកបរ ក្នុងល្បឿនលឿន ត្រង់ផ្លូវកោង និងមិនប្រកាន់ស្តាំ។ ករណីនេះ ឃាត់ខ្លួនអ្នកបើកបរ និងព្រូរថយន្ត មកការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត៕