ក្រចេះ ៖ ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ និងលោក យ៉ា ស្មាក់ ប្រធានសហគមន៍ព្រៃឈើប្រាសាទ ទឹកខ្មៅ គឺជាអ្នកកៀងគរប្រជាពលរដ្ឋមកពីតំបន់ឆ្ងាយៗឲ្យចូលកាប់ឈើអារច្រៀកឈើយ៉ាងមហន្តរាយ។ បន្ទាប់មកគេធ្វើសកម្មភាពដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃចេញពីព្រៃ យកមកលក់ឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងចេញពីឃុំកំពង់ចាម យ៉ាងរលូន។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា លោក
អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ និងលោក យ៉ា ស្មាក់ ប្រធានសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ គឺជាមេខ្លោងធំនៅពីក្រោយបទល្មើសបំផ្លាញព្រៃឈើយ៉ាងគឃ្លើន។ ចំណែកលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងលោក ទ្រី សុភក្តិ ប្រធាន មន្ទីរកសិកម្មខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងឃុំកំពង់ចាម
ស្រុកសំបូរ នោះទេ។ ប្រការនេះហើយទើបលោក អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ និងលោក
យ៉ា ស្មាក់ ប្រធានសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ ហ៊ានបើកដៃឲ្យមានសកម្មភាពកាប់ឈើ
និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ យ៉ាងពេញបន្ទុក។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា លោក អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ និងលោក យ៉ា ស្មាក់ ប្រធានសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ ហាក់ដូចជាមានអំណាចធំធេងក្នុងការបំផ្លាញ ព្រៃឈើក៏ដូចជាធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយ៉ាងងងើល។ ហេតុនេះលោក
វ៉ា ថន អភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តក្រចេះ មិនគួរបណ្តោយឲ្យបុគ្គល
ឈ្មោះ អ៊ឹម ពៅ និងឈ្មោះ យ៉ា ស្មាក់ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ។ ជាងនេះទៅទៀតប្រជាពលរដ្ឋធ្លាប់បានប្តឹងទៅមន្ត្រីថ្នាក់លើឲ្យដកហូតតំណែងលោក អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ និងលោក យ៉ា ស្មាក់ ប្រធានសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ រួចទៅ
ហើយ ប៉ុន្តែបច្ចុប្បន្នបុគ្គលទាំង២នាក់នេះ មានអំណាចខ្លាំងក្លាជាងមុនទៅទៀត៕