ខេត្តបន្ទាយមានជ័យ៖ ឃាត់ខ្លួនបុរសម្នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា មាន ឈ្មោះ សាន់ សូ អាយុ២៥ ឆ្នាំ បានលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមមាត់អូរព្រំដែន នៅចំណុចខាងក្រោយអាងទឹកស្អាតហូលីដេ និងព្រំប្រទល់ក្រុមហ៊ុនក្រែនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងពេលកូវីដ- ១៩កំពុងតែរាតត្បាត នៅ យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានធ្វើការសួរនាំបុរសម្នាក់នោះរួចមក កងកម្លាំងសមត្ថកិច្ចទាំងបីស្ថាប័នបាននាំយក បុរសដែលលួចឆ្លងដែនខាងលើទៅកាន់មណ្ឌលចត្តាឡីស័កនៅសាលារៀនព្រហ្មនិមិត្ត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ករណីលួចឆ្លងដែននេះ គឺជាលើកទីពីរហើយដែលកម្លាំងនគរបាលការពារព្រំដែនគោក លេខ៨៩១ ប៉ុស្តិ៍ក្បាលស្ពានធ្វើការឃាត់ខ្លួនពលរដ្ឋដែលលួចឆ្លងដែនចេញពីថៃមកកម្ពុជាទាំងយប់ ក្នុងសម័យកូវីដ-១៩កំពុងតែរាតត្បាតនៅក្នុងប្រទេសថៃ ដើម្បីយកទៅមណ្ឌលចត្តាឡីស័ក៕