ភ្នំពេញ ៖ អ្នករស់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាំគ្នាប្រតិកម្មក្តៅ ក្រហាយទៅលើក្រុមហ៊ុន ស៊ីនទ្រី ដែលជាង១០ថ្ងៃហើយមិនឃើញទៅកើបឬប្រមូលសំរាមទុកឲ្យគរស្អុយលើអ្នកដំណើរនិងអ្នករស់នៅម្តុំនោះ។
គេនិយាយថា ករណីក្រុមហ៊ុនស៊ីនទ្រីនេះមិនមែនមានតែប្រជាពលរដ្ឋសង្កាត់ស្រះចកប៉ុណ្ណឹងទេ គឺប្រជាពលរដ្ឋ ស្ទើរម៉ាទីក្រុងទៅហើយ ដែលមិនសប្បាយចិត្តនឹងក្រុមហ៊ុនហ្នឹង។ គេនិយាយទៀតថា បើលុយវិញចុះទៅប្រមូល និងទូទាត់លឿនណាស់ តែការកើបសំរាមយឺតដូចស្ករកៅស៊ូអ៊ីចឹង។
បញ្ហាអសកម្មឬគ្មានសមត្ថភាពប្រមូលនិងកើបសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីនេះ វាកើតមានឡើងតាំងពីសម័យ លោកកែប ជុតិមា នៅជាចៅហ្វាយក្រុងម្ល៉េះ។ ឥឡូវនេះអសកម្មមកដល់សម័យលោកប៉ា សុជាតិវង្ស ធ្វើជា ចៅហ្វាយក្រុងទៀតហើយ។ សព្វថ្ងៃនេះគេចាំមើលជំហររបស់ចៅហ្វាយក្រុងថ្មីមួយនេះថា តើនឹងមានវិធានការ យ៉ាងណាចំពោះក្រុមហ៊ុនដែលគ្មានគុណភាពបែបនេះ? ប្រជា ពលរដ្ឋក្នុងក្រុងភ្នំពេញភាគច្រើននាំគ្នានិយាយថា«ធម្មតាទេអ្នករកស៊ីសុខចិត្តធ្វើថោក ធ្វើគ ធ្វើថ្លង់ បើគេស្តីបន្ទោសក៏មិនតបតដែរ ធ្វើយ៉ាងណាឲ្យតែប្រមូលលុយដាក់ក្រុមហ៊ុនគេបានច្រើនគឺចប់ Sic។ ប៉ុន្តែអ្វីដែលត្រូវស្តីបន្ទោសនិងខឹងសម្បានោះ គឺខាងសាលាក្រុង ដែលគ្មានសមត្ថភាពមើលការខុសត្រូវលើក្រុមហ៊ុនស៊ីនទ្រីទៅវិញទេ។ បើខាងសាលាក្រុងតឹងរ៉ឹង ម៉ឺងម៉ាត់ក៏ ក្រុមហ៊ុននោះមិនហ៊ានជិះ សេះលែងដៃដែរ។
គេបានប្រៀបធៀបរបៀបអប់រំវិញថា «បើឪពុកម្តាយខ្សោយ ខ្វះការអប់រំប្រៀន ប្រដៅកូនៗនោះ កូនៗច្បាស់ជា មិនស្តាប់ឬមិនខ្លាចឪពុកម្តាយនោះឡើយ តែបើឪពុកម្តាយចេះទូន្មានកូនចៅឲ្យដើរផ្លូវល្អ នោះកូនៗនឹងដើរតាម គន្លង ដែលល្អនោះមិនខានឡើយ»។ យ៉ាងណាមិញដូចក្រុមហ៊ុនស៊ីនទ្រី ស្ពឹកស្រពន់ក្នុងការចុះទៅប្រមូលសំរាម គ្មានកម្មវិធីច្បាស់លាស់ គរសំរាមទុកបួនដប់ថ្ងៃមិនទាន់ចុះ ទៅប្រមូល ក៏មកពីអ្នកធំគ្រប់គ្រងស៊ីនទ្រីស្ពឹកស្រពន់ក្នុងការងារយ៉ាងនោះដែរ។ គេថាការដើរប្រមូលសំរាមប្រជែងគ្នាជាមួយមន្ត្រី រាជការចេញទៅធ្វើការនេះមកពីខាងសាលាក្រុងខ្សោយ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងក្រុមហ៊ុនស៊ីនទ្រី ទើបក្រុមហ៊ុននេះហ៊ានបណ្តែតបណ្តោយនិងព្រងើយកន្តើយបែបហ្នឹង។ ករណីនេះបើខាងសាលា ក្រុងខ្លាំង ម៉ឺងម៉ាត់ប្រាកដជាក្រុមហ៊ុនស៊ីនទ្រីនេះភ្ញាក់ ខ្លួនដូចខ្មោច៧ថ្ងៃអ៊ីចឹង។
គេបានលើកឡើងទៀតថា ខ្វះអីក្រុមហ៊ុនដែលចូលទៅដេញថ្លៃប្រមូលសំរាមក្នុងក្រុងនោះ ហើយខ្វះអីក្រុមហ៊ុនដែល មានសមត្ថភាពគ្រប់គ្រាន់នោះ អីក៏ស្រឡាញ់ក្រុមហ៊ុនដែលប្រើឧបករណ៍ចាស់ៗ ឡានទ្រុឌទ្រោមនិងអន់ខាង សមត្ថភាពបែបនេះទៅវិញ? គេសង្ឃឹមថា លោកចៅហ្វាយក្រុងនឹងមានវិធានការស្របច្បាប់ណាមួយចំពោះ ក្រុមហ៊ុនស៊ីនទ្រី ឲ្យចេះភ្ញាក់រលឹកឡើងវិញ ព្រោះទីក្រុងស្អាតគ្មានសំរាម ទើបមានបរិស្ថានល្អបរិសុទ្ធ៕
ដោយ៖ តាបណ្ឌិត