ភ្នំពេញ ៖ កាលពី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្ត និរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកបម្រើការងារនៅមជ្ឈមណ្ឌលកម្សាន្ត ណាហ្គាវើល ស្នាក់នៅ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដំបូងឡើយ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី ស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-5939 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុនេះ ក៏ស្រាប់តែរេចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់បែកមួកសុវត្តិភាព ព្រមទាំងបែកក្បាលស្លាប់ក្នុងថ្លុកឈាម គួរឲ្យអាណោចអាធ័ម ។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕