(ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋអះអាងថា ពួកគាត់បាននាំគ្នាផ្តិតមេដៃប្រមាណជាង ៣០០ គ្រួសារ សំណូមពរឲ្យថ្នាក់លើជួយដោះស្រាយ ដោយសុំដកតំណែងលោក អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ និងលោក យ៉ា ស្មាក់ ប្រធានសហគមន៍ការពារព្រៃឈើ ប្រាសាទទឹកខ្មៅ តាំងពីយូរណាស់ហើយ តែស្ងាត់ឈឹង អត់មានអ្នកដោះស្រាយ.!។
ប្រជាពលរដ្ឋបន្តទៀតថា ពួកគាត់បាននាំគ្នាផ្ដិតមេដៃ ប្ដឹងទៅថ្នាក់ ដឹកនាំ ជាយូរណាស់មកហើយ ប៉ុន្តែស្ងាតឈឹម មិនដឹងថាឯកសារមេដៃទាំងនោះ នៅកប់ត្រឹមណា.? បើតាមប្រជាពលរដ្ឋកម្មវត្ថុ:នៃបណ្ដឹង មានមូលហេតុច្រើនយ៉ាង ចំពោះឈ្មោះ យ៉ា ស្មាក់ ជាប្រធានសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ និងឈ្មោះ អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ ទី១,ពីបទ់ឃុបឃិតគ្នាបើកដៃឲ្យឈ្មួញ កាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ដឹកលក់ធ្វើអាជីវកម្មជារៀងរាល់ថ្ងៃ។ ទី២,ក្រុមមេភូមិនិងមេសហគន៍ទាំងនេះ យកតួនាទីជាសមត្ថកិច្ចផង និងជាឈ្មួញរកស៊ីឈើផង ចាប់បង្ក្រាបគេ ហើយបែជាយកឈើទៅលក់ដោយខ្លួនឯងផង រីឯប្រជាពលរដ្ឋ រកស៊ីបន្តិបន្ទួច ឬដឹកឈើយកទៅជួសជុលធ្វើផ្ទះមិនបានទេ។ ទី៣,ឈ្មោះ យ៉ា ស្មាក់ ប្រធានសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ និងឈ្មោះ អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ យកអំណាចនិងតួនាទីរបស់ខ្លួន ទៅរំលោភយកដីរបស់រដ្ឋរាប់សិបហិកតាទុកលក់។ -ប្រើអំណាច គំរាមកំហែង ដកឯកសារពាក់ព័ន្ធដីធ្លី របស់ប្រជាពលរដ្ឋស្លូតត្រង់យកទៅទុក ហើយបង្កការញុះញុងបក្ខពួកនិយម អ្នកមានលុយ មានអំណាច ទៅរំលោភយកដី របស់ប្រជាពលរដ្ឋ ចែកគ្នា។ -ប្រើអំណាចតួនាទី ទៅគំរាមកំហែងដកយកដីធ្លី ទៅឲ្យអ្នកនេះឬអ្នកនោះតាមតែអំពើចិត្ត ធ្វើឲ្យពលរដ្ឋក្ដៅក្រហាយ បង្កប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដីសុខ និងសន្តិភាពផ្លូវចិត្ត ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្លាប់មានប្រសាសន៍ថា ព័ត៌មានមិនមែនជាភស្ដុតាងនោះទេ ប៉ុន្តែវាជាតម្រុយដើម្បីឈានទៅរកភស្ដុតាង ជាថ្មីម្ដងទៀតនេះ ដើម្បីឆ្លើយតបព័ត៌មានខាងលើ ហើយដើម្បីទទួលបាននូវព័ត៌មានពិត និងយុត្តិធម៌នោះ ប្រជាពលរដ្ឋអំពាវនាវ តាមរយៈសារព័ត៌មាន ស្នើសុំថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ គួរចាត់វិធាន និងដាក់ការស៊ើអង្កេតអោយបានស៊ីជម្រៅពិនិត្យមើលលទ្ធភាព និងដោះស្រាយទាន់ពេលវេលា ចំពោះបុគ្គលទាំងពីរនាក់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ដល់ពេលខឹងគោ វាយរទេះនោះ ៕