កំពតៈ លោកប៉ាង រ៉ន មេភូមិកូនសត្វ បានប្រាប់ឱ្យដឹងថា ការដ្ឋានដីក្រហមភ្នំកូនសត្វបានដំណើរការយូរមកហើយបន្ទាប់ពីម្ចាស់អាជីវកម្មទិញដីពីកសិករមួយចំនួន។ប៉ុន្តែក៏មានអ្នកភូមិជាច្រើនគ្រួសារមិនលក់ដែរព្រោះទុកបង្កបង្កើនផល។
ទោះមិនទាន់ទទួលបានអាជ្ញាប័ណ្ណពីក្រសួងជំនាញក្តី ការដ្ឋានជីកកាយយកដីក្រហមនៅភ្នំកូនសត្វ ក្នុងភូមិ-ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បាន និងកំពុងដំណើរការរយៈពេលយូរមកហើយរហូតប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើនគ្រួសារទើបមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ។
ការជីកកាយនោះបានធ្វើឱ្យបាក់ស្រុតដីស្រែ កសិករ៦គ្រួសារនៅជាប់ព្រំប្រទល់ ឯអ្នកផ្សេងអាចនឹងរងគ្រោះដូចគ្នាដែរ។ ដោយអ្នកភូមិសុំជួយអន្តរាគមន៍ លោកក៏បានជម្រាបទៅឃុំ និងស្រុកទើបតម្រូវឱ្យចាក់លុបសងវិញ ហើយម្ចាស់ការដ្ឋានសន្យាធ្វើជូនក្រោយច្រូតកាត់រួច។ លោក ប៉ាង រ៉ន បានបន្តថា បញ្ហាអាជ្ញាប័ណ្ណលោកមិនអាចដឹងបានទេ ប៉ុន្តែការជីកកាយដីនោះ បានធ្វើឡើងដល់លើភ្នំដោយគ្រាន់តែទិញក្បាលដីនៅផ្នែកខាងក្រោមប៉ុណ្ណោះ។
អ្នកមើលការងារការដ្ឋាន លោក មុត តុល បានរៀបរាប់ថា ការជីកកាយដីភ្នំកូនសត្វនេះ គឺមានអាជ្ញាប័ណ្ណត្រឹមត្រូវ បើមិនដូច្នេះជំនាញពាក់ព័ន្ធមកហាមឃាត់មិនឱ្យធ្វើសកម្មភាពទេ។ ខាងលោកបានគោរពតាមលក្ខខណ្ឌទាំងអស់មិនត្រឹមតែការបង់សួយសារ សូម្បីស្រោចទឹកតាមដងផ្លូវក៏ធ្វើជាប្រចាំដែរ។
លោកសោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពតបានមានប្រសាសន៍ថា អាជ្ញាប័ណ្ណសម្រាប់ការដ្ឋានដីក្រហមភ្នំកូនសត្វមិនទាន់ធ្លាក់មកទេ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានរៀបចំរួចរាល់អស់ហើយ។ ក្នុងន័យបញ្ចៀសការខូចប្រយោជន៍ក្រុមហ៊ុន ទោះមិនទាន់ទទួលបានអាជ្ញាប័ណ្ណក្តី ការដ្ឋានអាចដំណើរការព្រោះគោលការណ៍ក្រសួងបានសម្រេចថានឹងប្រគល់ជូនហើយ។ លោកប្រធានមន្ទីរបានប្រៀបធៀបថា នេះដូចករណីប័ណ្ណបើកបរអ៊ីចឹង ការប្រឡងបានធ្វើរួចហើយគឺសាមីខ្លួនត្រឹមតែរង់ចាំទទួលប័ណ្ណប៉ុណ្ណោះ។
សូមបញ្ជាក់ថាលិខិតស្នើសុំរបស់អ្នកស្រី ងួន ព្រហ្មីឌី អាយុ២៧ឆ្នាំ រស់នៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ស្នើសុំអាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មដើម្បីធ្វើអាជីវកម្មដីក្រហមនៅភ្នំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ លិខិតនេះត្រូវបានចុះហត្ថលេខាដោយប្រធានមន្ទីររ៉ែ និងថាមពលនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ជូនចូលរដ្ឋបាលខេត្តកំពត ហើយឯកឧត្តមអភិបាលខេត្តបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ជូនទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលដើម្បីពិនិត្យ និងសម្រេច។ តាមរយៈសំណើសុំនោះ លោករដ្ឋមន្ត្រីបានណែនាំដល់សាមីខ្លួនត្រូវគោរពលក្ខខណ្ឌចំនួន៦ចំណុច បើមិនដូច្នោះទេ ក្រសួងនឹងមិនចេញអាជ្ញាប័ណ្ណជូនឡើយ៕