ភ្នំពេញ ៖ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៊ុត សុភ័ក្ត្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាជាងកាត់សក់ ស្នាក់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯអ្នកបើករថយន្តបង្កមានឈ្មោះ ហឿង រ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
កាលពី រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ថានីយបូមទឹកបឹងត្របែក តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ម៉ាក QBIX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6599 និងរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ TK-1985 បើកស្របទិសគ្នា ខណៈពេលបើកមកដល់ត្រង់ ចំណុចស្ថានីយបូមទឹក បឹងត្របែកក៏មានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក បានទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យដួល ស្រាប់តែពេលនោះ រថយន្តដឹកដីដែលបើកមកពីក្រោយបានកិនបុរស ខាងលើស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ រថយន្តដឹកដីនេះ បានបើកចេញពីកន្លែងកើតហេតុភ្លាមៗ តែត្រូវសមត្ថកិច្ចដេញតាមពីក្រោយរហូតដល់ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ក៏ត្រូវពលរដ្ឋឃាត់បាន ៕