ខេត្តកំពង់ឆ្នាំង៖ ឃាត់ខ្លួនបុរសម្នាក់តាមដីកាសម្រេចបើកការស៊ើបអង្កេតជាក់ស្តែងពី ស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង នៅចំណុចសង្កាត់ខ្សាម ខេត្តកំពង់ឆ្នាំង។
ឃាត់ខ្លួនបុរសម្នាក់នេះរួមជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក LEXUS RX400h ពណ៌ស ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ BD-9326។ ជនសង្ស័យឈ្មោះ ឃឹម ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាម្ចាស់រថយន្ត។
ចំពោះរថយន្តដែលឃាត់បានខាងលើ កងរាជអាវុធហត្ថកំពុងតែស៊ើបអង្កេតបន្តថាតើជា រថយន្តដែលលួចគេមកឬជារថយន្តដែលបានទិញមកពីណា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា រថយន្តម៉ាក LEXUS RX 400h ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ BD-9326 ក្រោយការស្រាវជ្រាវ ឃើញថា ជាស្លាកលេខរបស់រថយន្តតូយ៉ូតាហាយឡេនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ និងមានម្ចាស់កម្មសិទ្ធិឈ្មោះ GUO CHAOYANG (គ័រ ឆូវយ៉ាង) រស់នៅភ្នំពេញ មិនមែនជាស្លាកលេខរថយន្ត LEXUS RX 400h ពណ៌សនេះឡើយ។
ប្រភពបង្ហើបថា ឈ្មោះ ឃឹម ប៊ុនធឿន នេះមានមុខរបរជាម្ចាស់ការាសធ្វើឡានមួយកន្លែង និងជាឈ្មួញដុះស្លែរកស៊ីទិញលក់តែរថយន្តអត់ពន្ធទំនើបៗ ដូចជា CAMERY 2012, TUNDRA 2020, GS300, LEXUS RX330 ឬ RX 400h , MAZDA PICK UP និងរថយន្តស៊េរីទំនើបៗជាច្រើនទៀត ដោយរថយន្តមួយគ្រឿងៗតម្លៃចន្លោះពី ៧.៥០០ដុល្លារអាមេរិកទៅ២០.០០០ដុល្លារ ហើយការទិញលក់នោះឈ្មោះនេះមានបក្ខពួកនិងឈ្មួញមួយចំនួនចាំទិញរថយន្តទាំងនោះ។ រីឯឯកសារឈ្មោះ ឃឹម ប៊ុនធឿននេះជួយរៀបចំឯកសារក្លែងក្លាយឱ្យ និងជាអ្នកបំពាក់ស្លាកលេខរថយន្តក្លែងក្លាយដែលខ្លួនបានទិញពីក្រុមចោរឱ្យថែមទៀតផង។
ចំណែកស្លាកលេខឡាន គឺជាស្លាកលេខដែលចោរលួចយកមកលក់ឱ្យ ហើយឈ្មោះ ឃឹម ប៊ុនធៀន តែងតែទិញទុកដើម្បីទុកសម្រាប់បំពាក់លើរថយន្ត ៕