(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេចាប់រំលោភកូនឈ្នួលខ្លួនឯង នៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះអាយុ១៧ឆ្នាំ មុខរបរ អ្នកបម្រើតាមផ្ទះ ឯជនសង្ស័យមានឈ្មោះ ឆោម ចាន់វិចិត្រ អាយុ៣៣ឆ្នាំ មុខរបរអាជីវករទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងចរថយន្តម៉ាក FORD RANGER ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 2BC-5652 ចំនួន១គ្រឿង កាលពីទាបភ្លឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
កាលពីវេលាម៉ោង០០៖៥០នាទីឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះកំពុងតែដេកនៅជាន់ផ្ទាល់ដីម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅលូកដៃដោះសោដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ។
ជនសង្ស័យក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះទាញឱបធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេច។ ពេលជនសង្ស័យធ្វើសកម្មភាពរំលោភ, ជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាចជនសង្ស័យសម្លាប់ចោល។ ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ដេកជាមួយ ប្រពន្ធរបស់ជនសង្ស័យដូចធម្មតា។
បន្ទាប់មកជនរងគ្រោះ ក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត ហើយដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាកម្លាំងចុះឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរបាននៅវេលាម៉ោង ៤ ៖៤០នាទី ទាបភ្លឺថ្ងៃខែឆ្នាំដដែល។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពរំលោភជនរងគ្រោះប្រាកដមែន ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទី ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភជនរងគ្រោះម្តងដែរ តែពេលជនសង្ស័យចាប់លើកជើងខាងស្តាំរបស់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ្ញាក់ដឹកខ្លួន រួចជនសង្ស័យក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយ មកឱ្យជនរងគ្រោះហូប ហើយជនសង្ស័យក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ជនសង្ស័យវិញ រួចដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចតែម្តង។ ជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕