ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បើកការស្រាវជ្រាវ ឈាន ដល់ការបង្ក្រាបជាក់ស្តែង ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១និង១៥នាទីយប់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ ឈានដល់ការបង្ក្រាបជាក់ស្តែង ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចក្តាន់ពីរ R6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរ មិនពិតប្រាកដ។ ចំណែកវត្ថុតាង ដែលសមត្ថកិច្ចដកហូត បានរួមមានៈ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ២០៩ កញ្ចប់ (ក្នុងនោះមានកញ្ចប់ធំ ចំនួន ៣ កញ្ចប់) និង ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន១។
កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងបន្តស្រាវជ្រាវ រកបក្ខពួកមេខ្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕