ភ្នំពេញៈ ជនរងគ្រោះ ឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានក្រុមហ៊ុន អៅវ័រ តិចស្តាយ មានទីលំនៅផ្ទះលេខ២១៨ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ ៣ នាក់ រួមមានៈ ១-ឈ្មោះ សន សុខពឿន ហៅ សាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អនុប្រធានផ្នែកវេចខ្ចប់ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សន្តិសុខរោងចក្រអៅវ័រ តិចស្តាយ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣-ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ៣ នាក់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលជាប់ពាក់ព័ន្ធនឹងករណីលួច ខោរោងចក្រ កាលពីថ្ងៃទី២០ វិច្ឆិកា វេលាម៉ោង ៩ យប់ នៅចំណុចរោងចក្រអៅវ័រ តិចស្តាយ ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុននឹងឈានដល់ ការឃាត់ខ្លួនសង្ស័យ ខាងលើ គឺកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១និង០០នាទី ជនរងគ្រោះ ឈ្មោះ ហួ គឹមសាន ស្រាប់តែឈ្មោះ ស៊ិន សុរ៉ែន បានទូរស័ព្ទប្រាប់ថា កាតុងខោ ដែលត្រូវនាំចេញ ទៅប្រទេសក្រៅ បានបាត់ចំនួន ៨ កាតុង គិតជាទឹកប្រាក់ មានចំនួន ២.០០០ ដុល្លារ ហើយនៅថ្ងៃទី២៣ វិច្ឆិកា ជនរងគ្រោះ ក៏បានឱ្យប្រធានរដ្ឋបាល ហៅកម្មករ ដែលពាក់ព័ន្ធទាំងអស់ មកធ្វើការសួរនាំ ទើបដឹងថា ជនសង្ស័យទី១ ឈ្មោះ សន សុខពឿន ហៅ សាក់ និងឈ្មោះ ប៉ិច សុខ ជាអ្នកធ្វើសកម្មភាពលួច យកកាតុងខោ ហើយជនរងគ្រោះ បានពិនិត្យខោអាវ ដែលស្តុកទុក នៅក្នុងឃ្លាំងសម្ភារ រួចជនរងគ្រោះ ក៏បានទៅរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃស ឱ្យជួយធ្វើអន្តរាគមន៍ និងប្រគល់ជនសង្ស័យទាំង ២ នាក់ ខាងលើ យកទៅធ្វើការសាកសួរ តាមនីតិវិធីច្បាប់ ។
សមត្ថកិច្ច សាកសួរទៅលើជនសង្ស័យទាំង ២ នាក់ ពួកគេ បានសារភាពថា កាតុងខោ និងខោលីអូ ដែលលួចបាន គឺយកទៅលក់ឱ្យជនសង្ស័យ ឈ្មោះ រស់ គីមស្រេង រួចសមត្ថកិច្ច ក៏បានទៅសហការជាមួយ សមត្ថកិច្ចនគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនឈ្មោះ រស់ គីមស្រេង បានម្នាក់ទៀត យកមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃស បន្ត។
ជនសង្ស័យ ទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេ ពិតជាបានលួច និងទិញខោរបស់ រោងចក្រអៅវ័រ តិចស្តាយ ជាច្រើនលើក ប្រាកដមែន ហើយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យទាំង ៣នាក់ ដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ៕