ប៉ោយប៉ែត៖ រថយន្តពីរគ្រឿងបានប្រលះគ្នាយ៉ាងពេញទំហឹង នៅក្នុងប្លុកកាស៊ីណូហូវ៉ាហ្គេនទីង ស្ថិតក្នុងភូមិក្បាល ស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១១.៤៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ បណ្តាលអោយរថយន្តទាំងពីរ រងនូវការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អអ្នកបើកបរ មិនមានរងរបួស សោះឡើយ។
អ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តចង្កូតស្តាំមួយគ្រឿង ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-2603បើកបរក្នុងគោលដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ចង្កូតទៅបុក និងរថយន្តឆ្លាមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2A-1764 ដែលបើកបរ ច្រាស់ទិសគ្នា លាន់សូរដូចរន្ទះខែចែត្រអីចឹង បណ្តាលអោយមានការភ្ញាក់ផ្អើលសន្តិសុខយាមកាស៊ីណូ និងប្រជាពលរដ្ឋ មកចោមរោមមើល យ៉ាងច្រើនកុះករ និងស្ទុះចរាចរណ៍ទៀតផង។
ក្រោយពីកើតហេតុម្ចាស់រថយន្តទាំងពីរនាក់ បានចុះមកពិនិត្យរថយន្តរៀងៗខ្លួន ហើយប្រកែកគ្នា ឡើងតឹងសរសៃ ក ស្តាប់ទៅដូចជានិយាយខ្មែរពុំសូវច្បាស់ ទំនងជាជនជាតិវៀតណាម។ ដោយភាគី ខាងរថយន្តកាំម៉ារីចង្កូតស្តាំ ដឹងខ្លួនខុស ក៏បានធ្វើការសម្របសម្រួលគ្នា ជាមួយម្ចាស់រថយន្តឆ្លាម គឺសុំជូន ៥០ដុល្លារ ដោយភាគីខាងរថយន្តឆ្លាមពុំព្រម បានជជែកតថ្លៃគ្នាឡើងចុះ រហូតដល់ត្រឹម៩០ដុល្លារ ដើម្បី បញ្ចប់រឿង កុំអោយមានរឿងវែងឆ្ងាយដល់បងៗប៉ូលិសចរាចរណ៍៕
ដោយ ខៀវ បូរី