ភ្នំពេញ: នៅរសៀលទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ត្រីម្នាក់ជាអ្នកលក់ផលិតផលតាមអនឡាញ ដែលគេស្គាល់ថា ជាបងស្រីបង្កើតថៅកែពេជ្រទ្រីដាណា បានត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់។ ប៉ុន្តែពេលមកដល់ស្រាប់តែស្ត្រីនេះដួលសន្លប់ បានត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ។
ស្ត្រីរូបនេះឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរលើសំណុំរឿងនេះ។
តាមដីកាបង្គាប់ឲ្យនាំខ្លួននេះបានបញ្ជាក់ថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ដែលមានប្អូនស្រីឈ្មោះទ្រីដាណាជាដើមបណ្តឹង។ ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់៕