កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំណុចរូបសំណាកឆ្នាំង ក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ១-ឈ្មោះ ផន សុផល ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ។ ២-ឈ្មោះ ព្រិន ប្រុស ភេទប្រុស អាយុ២០ឆ្នាំ និង៣-ឈ្មោះ ផាយ ឆោវ័ន្ដ ភេទប្រុស អាយុ២០ឆ្នាំ ។ ជនរងគ្រោះទាំងពីរនាក់នេះមានទីលំនៅក្នុងភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់ លែង ខេត្ដកំពង់ឆ្នាំង។
នៅមុនពេល កើតហេតុ មានម៉ូតូពីរគ្រឿងបានបើកក្នុងទិសដៅ ផ្ទុយគ្នា ពេលមកដល់ចំណុចកើតហេតុ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខកណ្ដាល១H-៣៦៦៩ ជិះឌុប គ្នា២នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើងបើកក្នុងល្បឿនមួយយ៉ាងលឿន ហើយបានបើកជែងរថយន្ដមួយគ្រឿង នៅពីមុខ ពេលនោះក៏បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១F-២៤៦៥ ជិះម្នាក់ឯង ដែលកំពុងបើក ក្នុងទិសដៅច្រាសគ្នាពេញមួយទំហឹង បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងបែកខ្ចាយ ពេញផ្លូវបណ្ដាលឱ្យអ្នកបើកទាំងសងខាង ប៉ើងខ្ទាតបោកនឹងថ្នល់ជាតិ ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុពីរនាក់។ ចំណែកជនរងគ្រោះម្នាក់ទៀតបាន ស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យបង្អែក ខេត្ដកំពង់ឆ្នាំង៕