ព្រះសីហនុ៖ ក្រោយពីរាជរដ្ឋាភិបាលពុះបំបែកក្រសួងឧស្សាហកម្មរ៉ែនិងថាមពលជាក្រសួងពីរផ្សេងគ្នា គឺ ក្រសួងឧស្សាហកម្មនិងសិប្បកម្មនិងក្រសួងរ៉ែនិងថាមពលរួចមក នៅខេត្តព្រះសីហនុ ក៏មានការពុះ បំបែកមន្ទីរជាពីរតាមក្រសួងដែរ ហើយលោក ប្រាក់ ចាន់រឿន អតីតជាប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ខេត្តនេះត្រូវបានតែងតាំងជាអគាធិការនៃក្រសួងរ៉ែនិងថាមពល។
មន្ត្រីមន្ទីរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រោយពីមានការពុះបំបែកមន្ទីរជាពីរនោះ មន្ទីរឧស្សាហកម្មនិងសិប្បកម្មបច្ចុប្បន្នដឹកនាំដោយ លោក ប្រាក់ ប្រាកដ ជាប្រធានស្តីទីនិងជាប្រធាន រដ្ឋាករទឹកស្វយ័តខេត្ត។ ចំណែកមន្ទីររ៉ែនិងថាមពលមកដល់ពេលនេះមិនទាន់មានប្រធានមន្ទីរទេ ប៉ុន្តែ គេបានដឹងយ៉ាងច្បាស់ថាអ្នកដែលនឹងក្លាយជាប្រធានមន្ទីរថ្មីនេះ គឺជាកូនប្រុសរបស់លោក ប្រាក់ ចាន់រឿន ឈ្មោះប្រាក់សំ ប្រាថ្នា មានអាយុ២៥ឆ្នាំ បច្ចុប្បន្នជាអនុប្រធានអង្គភាពរដ្ឋាករទឹក ស្វយ័តខេត្ត ព្រះសីហនុដែលទើបនឹងកាន់ការងារនេះបានមួយរយៈខ្លីហើយត្រៀមឡើងជាប្រធានមន្ទីរ។
មន្ត្រីរាជការចាស់ៗជាច្រើននៅក្នុងអតីតមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល បានសំដែងនូវការ មិនពេញចិត្តនិងឈឺចាប់ស្ទើរចុកឈាម នៅពេលទទួលដំណឹងនេះ ប៉ុន្តែអ្វីៗគឺបានត្រឹមតែឈឺចាប់ និងចុកឈាម មិនហ៊ានចេញមុខប្រឆាំងតវ៉ាទេ ព្រោះពួកគាត់បានដឹងពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម និង ប្រាក់ ចាន់រឿន។ នេះគឺជាទំនាក់ទំនងមិនធម្មតា គឺប្រៀបបានដូចបងនិងប្អូន មិនមែនជាចៅហ្វាយនាយនិងកូនចៅទេ។ ខណៈពេលមិនទាន់ មានការតែងតាំងប្រធានមន្ទីររ៉ែនិងថាមពលជាផ្លូវការនោះ ក្រុមមន្ត្រីចាស់ៗនៅក្នុងមន្ទីរក៏បានទទូច សូមឲ្យ គណៈអភិបាលខេត្តព្រះសីហនុ ពិសេសលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម មុននឹងសំរេចតែងតាំងមន្ត្រីណាម្នាក់ ធ្វើជាប្រធានមន្ទីរ ត្រូវគិតឲ្យបានច្បាស់លាស់ ហើយត្រូវជៀសវាងនូវអំពើ ពុករលួយនិងបក្ខពួកនិយមឬគ្រួសារនិយម។
សូមរំលឹកបន្តិចចុះ ព្រោះមានគេនិយាយថាលោកប្រាក់ ចាន់រឿន កាលនៅជាប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ខេត្តព្រះសីហនុ ធ្លាប់មានរឿងអាស្រូវពុករលួយនិងបក្ខពួកនិយមជាច្រើន។ អំពើពុករលួយនោះរួមមានបើកដៃឲ្យឈ្មួញ ជីកកាយអាចម៍ដីនៅក្បែរជើងភ្នំបូកគោស្ថិតក្នុងភូមិព្រែកទុលឃុំទឹកថ្លា ស្រុកព្រៃនប់ដែលមានឧកញ៉ា ហាន ឃៀង ជាអ្នកម៉ៅការចាក់បំពេញដីលើផ្ទៃដីទំហំប្រមាណ ជាង៤០០ហិកតា ជូនក្រុមហ៊ុនសាងសង់រោងចក្រប្រេងកាត ដែលមានទីតាំងក្នុងភូមិសាស្ត្រខាងលើដោយក្នុងមួយថ្ងៃៗគេដឹកអាចម៍ដីរាប់ពាន់រថយន្តបែនខ្នាតធំ ដោយពុំ មានច្បាប់ពីក្រសួងរ៉ែនិងថាមពលនោះទេ ដែលជាហេតុធ្វើឲ្យបាត់ចំណូលរដ្ឋរាប់សែនដុល្លារនៅឆ្នាំ២០១៣និង បន្តមកឆ្នាំ២០១៤។ គេបន្តទៀតថា កន្លងមកលោក ប្រាក់ ចាន់រឿន ក៏បានបើកដៃឲ្យឈ្មួញកាយអាចម៍ ដីចាក់លុបសមុទ្រជាច្រើនកន្លែងដូចជានៅស្រុក ស្ទឹងហាវ ស្រុក ព្រៃនប់និងក្រុងព្រះសីហនុ ហើយជាងនេះទៅទៀត នោះ គឺឃុបឃិតជាមួយឈ្មួញបូមខ្សាច់ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។សកម្មភាពទាំងអស់របស់លោកប្រាក់ ចាន់រឿន ក្នុង តំណែងជាប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ជាច្រើនអាណត្តិនោះពិតជាបានធ្វើឲ្យរដ្ឋ បានបាត់បង់ថវិកា រាប់សិបលានដុល្លារ។ បើនិយាយអំពីអចលនវត្ថុរបស់រដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ ឧស្សាហកម្មរ៉ែនិងថាមពលមួយចំនួនបានធ្លាក់ចូលកណ្តាប់ដៃ លោកប្រាក់ ចាន់រឿន ដោយផ្ទាល់ ដូចជាឃ្លាំងដែលមានផ្ទៃដីប្រមាណ១ហិកតា និងមានតម្លៃ២លានដុល្លារនៅមុខមន្ទីរ ឧស្សាហកម្មជាដើម។ លោក ប្រាក់ ចាន់រឿន ទិញដីពីរដ្ឋ ដោយភាពមិនប្រក្រតី ដោយការឃុបឃិតគ្នាស្ងាត់ៗ។មិនត្រឹមតែប៉ុណ្ណោះ លោកប្រាក់ ចាន់រឿន បានរត់ការលក់ដីអណ្តូង ទឹកស្អាតនៅក្បែរសាលាក្រុងព្រះសីហនុ(អតីតខណ្ឌមិត្តភាព) និងលក់ឃ្លាំងសំភារៈរបស់មន្ទីរស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៤ ដែលមានផ្ទៃដីទំហំប្រមាណជាង១ហិកតាស្ងាត់ៗទៀត។ ទង្វើនេះបានធ្វើឲ្យលោកប្រាក់ ចាន់រឿន ទទួលបានលុយទឹកតែកប់ក្តោងក្លាយជាសេដ្ឋីម្នាក់នៅក្នុងក្រុងព្រះសីហនុទៅហើយ។ ក្រៅពីនោះលោកប្រាក់ ចាន់រឿន ក៏បានបើកដៃឲ្យក្រុមឱកាសនិយមដែលជាអ្នក មានទ្រព្យសម្បិត្តនិងអំណាចចាប់ដី បឹងព្រែកដែលជាតំបន់ទឹកស្អាតក្រុងព្រះសីហនុ និងជាអាងទឹកដ៏សំខាន់សំរាប់ផ្គត់ផ្គង់ទឹកឲ្យរដ្ឋាករទឹកស្វយ័ត ខេត្តព្រះសីហនុពុះអង្កន់ចែកគ្នាចាក់ដីលុបស្ទើររលាយបាតបឹងទៅហើយ។
គេនិយាយទៀតថា លោកប្រាក់ ចាន់រឿន បានបញ្ជូនកូនប្រុសពីរនាក់ក្នុងនោះម្នាក់ឈ្មោះ ប្រាក់ ចាន់វាសនា ឲ្យកាន់តួនាទីជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរឧស្សាហកម្ម និងម្នាក់ទៀតឈ្មោះ ប្រាក់ សំប្រាថ្នា ឲ្យធ្វើជាអនុប្រធានអង្គភាពរដ្ឋាករទឹកស្វ័យតខេត្តទាំងវ័យក្មេង។ ពេលនេះ លោកប្រាក់ ចាន់រឿន នៅតែមិនស្ងប់ចិត្តបែរជាមានមហិច្ឆតារត់ការជ្រោមជ្រែងលើកស្ទួយ កូនប្រុសឈ្មោះប្រាក់ សំប្រាថ្នា ដែលមានអាយុទើប២៥ឆ្នាំឲ្យធ្វើជាប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ព្រះសីហនុថែមទៀត។ ពិតជាឡូយដែល គ្មាននរណាធ្វើដូចមែន។ ជុំវិញការប្រតិកម្មនឹងព័ត៌មាននេះ កាសែតអរិយធម៌មិនអាចសុំការបកស្រាយពីលោក ប្រាក់ ចាន់ធឿន បានទេកាលពីម្សិលមិញ៕ ដោយ៖ហេង មានជ័យ