ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ថា សហជីពទាំង ១៨ស្ថាប័ន បានដាក់លិខិតជូនសាលារាជធានីភ្នំពេញ ស្ដីពីការរៀបចំវេទិកាសាធារណៈ នៅព្រឹកថ្ងៃទី៨ ខែមីនា រួចហើយមេដឹកនាំសហព័ន្ធសហជីព និងសមាគមចំនួន ១៨ស្ថាប័ន ជូនដំណឹងទៅមន្ត្រីសាលារាជធានី និងសមាគមរោងចក្រស្ដីពីគម្រោងរៀបចំវេទិកាសាធារណៈនៅទីលាន ប្រជាធិបតេយ្យ ថ្ងៃទី៨ ខែមីនា មានមនុស្សចូលរួមរាប់ម៉ឺននាក់ វេទិកានេះ មន្ត្រីសហជីពគ្រោងនឹងអញ្ជើញតំណាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ខ្លះ ឲ្យមកឆ្លើយបំភ្លឺស្ដីពីការទាមទារប្រាក់ខែគោលកម្មករ និងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងក្រុមកម្មករ កាលពីដើមខែមករា។
អ្នកស្រីបន្តថា វេទិកានេះសហជីពក៏បានអញ្ជើញមន្ត្រីក្រសួងពាក់ព័ន្ធនៃរាជ រដ្ឋាភិបាលខ្លះ មានដូចជា មន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងយុត្តិធម៌ និងក្រសួងការងារ ជាដើម មកឆ្លើយបំភ្លឺជុំវិញការទាមទារដំឡើងប្រាក់ខែកម្មករ និងការចាប់ខ្លួនមេដឹកនាំសមាគមកម្មកររបស់សមត្ថកិច្ចសហជីពឲ្យដឹង ថា វេទិកាសាធារណៈនៅព្រឹកថ្ងៃទី៨ ខែមីនា អាចមានកម្មករ មន្ត្រីរាជការ និងពលរដ្ឋប្រមាណ ៣ម៉ឺននាក់ចូលរួម។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មានថ្ងៃមកនេះបានប្រកាសដកបម្រាមប្រមូលផ្តុំមានមនុស្សលើសពី ១០នាក់ ឲ្យមកធម្មតាវិញ។ ទន្ទឹមគ្នានេះ លោកបានព្រមានដល់ក្រុមមេដឹកនាំសហជីព ដែលដឹកនាំកម្មករធ្វើបាតុកម្ម ថាអាចឈានដល់រោងចក្របិទទ្វារនាថ្ងៃអនាគត។
ករណីនេះដែរ សម្រាប់មន្ត្រីក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីប្រមុខដឹកនាំបានដកបម្រាមជួបជុំចេញក្តី ប៉ុន្តែអ្នករៀបចំការប្រមូលផ្តុំណាមួយនាថ្ងៃអនាគត ត្រូវសុំច្បាប់ពីអាជ្ញាធរពាក់ព័ន្ធជាមុន។
យ៉ាងណាក៏ដោយ មន្ត្រីសហជីពកម្មករថ្លែងថា បើសិនជាមិនមានដំណោះស្រាយណាមួយពីផ្នែកពាក់ព័ន្ធ ទៅលើសំណូមពរទាំង ៧ចំណុចរបស់ខ្លួនទេ មហាកូដកម្មទ្រង់ទ្រាយធំរបស់ក្រុមកម្មករនៅទូទាំងប្រទេស ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១២ ខែមីនា ខាងមុខ ទំនងជាមិនអាចជៀសផុតទេ៕