ភ្នំពេញៈ មន្ត្រីនគរបាលល្អិតល្អោចអត់ខ្សែទុយោនឹងគេ បានខ្សឹបតាមកាសែតអរិយធម៌ថា «លោកង៉ែត សុគ័ន្ធ ប្រធាន ការិយាល័យការពារនិងហែអមនៃនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ កំពុងតែជាន់កដកស្លាបមន្ត្រីថ្នាក់ក្រោម និងលួចបញ្ចេញកម្លាំងទៅការពារតាមរោងចក្រ ក្រុមហ៊ុន សហគ្រាស យកប្រយោជន៍ដាក់ហោប៉ៅនិងធ្វើព្យុះធ្វើ ភ្លៀងតាមអំពើចិត្ត»។មន្ត្រីទាំងនោះបានបន្តថា ក្រុមមន្ត្រីម៉ូតូហែអម(ម៉ូតូស) មានគ្នាប្រមាណជាង២៣០នាក់ តែមានវត្តមានមក ធ្វើការមិនដល់១០០នាក់ទេ ក្រៅពីនោះលោកប្រធានង៉ែត សុគ័ន្ធ បញ្ចេញឲ្យទៅការពារតាមបណ្តាក្រុមហ៊ុន ឯកជនយកប្រាក់ខែពីឈ្មួញ ហើយលុយការពារក្រៅផ្លូវការទាំងនោះ លោកប្រធានគាត់ដកយក៤០%នៃប្រាក់ ខែ រួចប្រាក់ខែរដ្ឋក៏ត្រូវលោកកាត់យកដែរ គឺក្នុង១ខែៗលោកប្រធានម្នាក់នេះគ្រប់ទឹកតែម្តង។
គេនិយាយទៀតថា បើមន្ត្រីណាជាខ្សែរបស់គាត់ទើបបានចេញម៉ូតូទៅបើកអមភ្ញៀវ តែបើមិនមែនគ្នាគាត់ទេគឺ អង្គុយអានកាសែតនៅការិយាល័យ។ លុយដែលបានពីភ្ញៀវឬពីគណៈប្រតិភូនានា គឺលោកប្រមូលយកអស់ ដោយចែកមកវិញបានតិចតួចបំផុត។ គេបន្តថា ម៉ូតូសអមភ្ញៀវមាន៨២គ្រឿង គឺខូចអស់៨គ្រឿងហើយ ដោយ លោកប្រធានម្នាក់នេះមិនរវីរវល់ធ្វើការជួសជុលទេ ចង់ខូចអីខូចទៅ ហើយម្យ៉ាងទៀតក្រុមជួសជុលម៉ូតូក៏គេរត់ អស់ដែរ ព្រោះជួសជុលម៉ូតូហើយមិនឲ្យលុយគេ។
មន្ត្រីនគរបាលនោះបានបន្តថា ធម្មតាលុយដែលចេញបេសកកម្មអមភ្ញៀវគឺគេឲ្យជាកញ្ចប់ទៅតាមចំនួនមន្ត្រី ដែលចុះទៅការពារនិងហែអមនោះ តែលុយកញ្ចប់ទាំងនោះត្រូវបានលោកប្រធានដកយកស្ទើរអស់ ទើបទំលាក់ មកឲ្យកូនចៅ។
គេនិយាយថា លោកង៉ែត សុគ័ន្ធ ពិតជាស្រួលណាស់ ស៊ីលុយបេសកកម្មកូនចៅផង ស៊ីលុយយាមខាងក្រៅ ផង និងស៊ីលុយកាក់ប្រាក់ខែទៀត ពិតជាគ្រប់ទឹកណាស់។ អ្វីដែលត្រូវមើលជាបន្ទាន់នោះ គឺការបញ្ចេញកម្លាំង ជាង១០០នាក់ ឲ្យទៅការពារក្រុមហ៊ុនឯកជន ហើយលុះដល់ថ្ងៃបើកប្រាក់ខែមកបើកប្រាក់ខែរដ្ឋចែកជាមួយមេៗ។
គេនិយាយទៀតថា ទោះបីជាលោកដល់អាយុចូលនិវត្តន៍ហើយ ក៏ពុំព្រមចូលដែរ ព្រោះជាកន្លែងខ្លាញ់ ហើយថ្នាក់ លើឲ្យកាន់ការងារធំជាងនេះក៏គាត់មិនទៅដែរ ដោយខ្លាចផុតលុយ ហេស!ហេ! ។ នៅមានរឿងមិនប្រក្រតីជា ច្រើនទៀត ដែលកាសែតអរិយធម៌នឹងលើកយកមកខ្សឹបដាក់កាសែតនៅលេខក្រោយទៀត៕ដោយ៖ ព្រហ្ម ពៅ