ក្រុង ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋរស់ នៅក្នុងក្រុងប៉ោយប៉ែត ពិសេសប្រជា ពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែតបានត្អូញត្អែរចំពោះផលប៉ះពាល់ និងការបំពុល បរិស្ថានពីសំណាក់កាស៊ីណូធំៗដែលបាន បង្ហូរទឹកស្អុយចូលទៅក្នុងទឹកអូរ ។
បញ្ហា បង្ហូរទឹកស្អុយចូលទៅក្នុងទឹកអូរ ធម្មជាតិពីសំណាក់កាស៊ីណូធំៗនៅក្នុង ក្រុងប៉ោយប៉ែតនេះប្រជាពលរដ្ឋបានទទូចឱ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់និងមន្ទីរ ពាក់ព័ន្ធពិនិត្យមើលចំពោះបញ្ហានេះជា បន្ទាន់ បើមិនដូច្នេះទេ ផលប៉ះពាល់វា មានច្រើនទៅលើការរស់នៅរបស់ប្រជា ពលរដ្ឋ ។
ទាក់ទិន នឹងការបង្ហូរទឹកកង្វក់ពីកាស៊ីណូ និងមានរោងចក្រខ្លះទៀតបង្ហូរទឹកមាន ជាតិគីមីចូលទៅក្នុងអូរនេះលោក យស់ សារិន អាយុ៤៨ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោងយប៉ែត ដែល អះអាងថា ធ្លាប់រស់នៅក្នុងភូមិខាងលើ នេះជាង២០ឆ្នាំមកហើយនោះ បានឲ្យដឹងថា ពីមុនទឹក អូរនៅជាប់ព្រំដែនកម្ពុជា-ថៃប្រជាពល រដ្ឋអាចដួសយកមកផឹកបាននិងប្រើប្រាស់ គ្រប់បែបយ៉ាងបាន ។ ក៏ប៉ុន្ដែពេល បច្ចុប្បន្ននេះទឹកអូរធម្មជាតិមួយនេះ កុំថាឡើយដួសយកមកហូបសូម្បីយក ទៅស្រោចដំណាំឬឱ្យសត្វផឹកក៏មិនបានដែរ ស្រួលមិនស្រួលទាំងដំណាំនិងសត្វ ងាប់គ្មានសល់ ។
លោកបានបន្ដ ទៀតថា បរិស្ថាននៅ លើទឹកអូរធម្មជាតិនេះប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋចាប់តាំងពី មានកាស៊ីណូនៅក្នុងក្រុងប៉ោយប៉ែតរីកដុះដាល់កាន់តែច្រើន ។ កាស៊ីណូទាំងនេះបានបង្ហូរទឹកកង្វក់ចូលមកក្នុងអូរ ត្រង់ៗតែម្ដង ដោយពុំមានការស្ដុកឬ បំលែងជាតិពុលឬជាតិស្អុយនោះទេ ដែលធ្វើឱ្យប្រជាពលរដ្ឋមិនអាចយកទឹកអូរ ដែលធ្លាប់ប្រើពីមុនមកប្រើប្រាស់បានទៀតឡើយ ។
ចំពោះ បញ្ហានេះប្រជាពលរដ្ឋបានស្នើដល់មន្ទីរបរិស្ថាននិងអាជ្ញាធរដែន ដីគួរជួបពិភាក្សាជាមួយថៅកែក្រុមហ៊ុន កាស៊ីណូនានាពិនិត្យមើលបរិស្ថាននិងការបង្ហូរទឹកស្អុយទៅក្នុងអូរ នេះផង ។ ការប្រើប្រាស់មិនកើតវាជារឿងមួយ ប៉ុន្ដែនៅពេលនេះប្រជាពលរដ្ឋរស់នៅ ជាប់នឹងមាត់អូរសូម្បីតែធុំក្លិនទឹកជះពី អូរក៏ស្ទើរទ្រាំមិនបាននិងមានអ្នកឈឺដោយ សារក្លិនស្អុយនេះទៀតផង ។
ជុំវិញករណីដែលប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតប្រតិកម្មទៅនឹងការ បង្ហូរទឹក ស្អុយចូលក្នុងអូរនេះដែរអ្នកយកព័ត៌មានអរិយធម៌ មិនអាចសុំការបំភ្លឺពីអភិបាល ក្រុងប៉ោយប៉ែតបានទេ ព្រោះទូរស័ព្ទទាក់ទងមិនបាន ។ ទោះជាយ៉ាងនេះក្ដីគេដឹង ថា អភិបាលក្រុងប៉ោយប៉ែតក្នុងរជ្ជកាល ដែលលោកកាន់តំណែងជាអភិបាលក្រុង ប៉ោយប៉ែតមានស្នាដៃជាច្រើនក្នុងការ អភិវឌ្ឍក្រុង ។ ដូច្នេះប្រជាពលរដ្ឋនៅ ក្រុងប៉ោយប៉ែតមានសង្ឃឹមថា លោកអភិបាលនឹងពិនិត្យមើលនូវអ្វីដែលប្រជា ពលរដ្ឋបានសំណូមពរនេះដើម្បីជាការ បង្កើនស្នាដៃបន្ថែមរបស់លោកមិនខាន ៕ ដោយ៖ ខៀវ បូរី