ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » អាជីវករ​ផ្សារ​កំពង់ត្រាច​រិះគន់​ប្រធាន​ផ្សារ​ចាក់​បេតុង​ធ្វើ​ផ្លូវ​បែរជាយក​ធ្វើ​កន្លែងផ្ញើកង់​ម៉ូតូ​

អាជីវករ​ផ្សារ​កំពង់ត្រាច​រិះគន់​ប្រធាន​ផ្សារ​ចាក់​បេតុង​ធ្វើ​ផ្លូវ​បែរជាយក​ធ្វើ​កន្លែងផ្ញើកង់​ម៉ូតូ​

កំពត​៖ ចំណុច​ផ្លូវចេញចូល​ផ្សារ​ស្រុក​កំពង់ត្រាច ទាំង​ផ្នែក​ខាងកើត​និង​ខាងលិច​បន្ទាប់​ពី​ប្រធាន​ផ្សារ​ស្រុះស្រួល​គ្នា​ស្ថាបនា​ផ្លូវ​បេតុង​បាន​យ៉ាង​ស្អាត​ប្រណីត​ហើយ​នោះ​ក៏ត្រូវ​បាន​គេ​យក​ធ្វើជា​កន្លែងផ្ញើកង់ ម៉ូតូ ពាសពេញ​បង្ក​ការកកស្ទះ​ចរាចរណ៍​ជាប្រចាំ ថែម​ទាំង​​ពិបាកធ្វើ​ដំណើរ​ទៅមក​ទៀតផង​។

ជា​រៀងរាល់​ព្រឹក នៅ​ចំណុច​ផ្លូវចេញចូល ទាំង​ខាងលិច និង​ខាងកើត គេ​ឃើញ​មនុស្ស​ម្នា​​នាំគ្នា​ប្រជ្រៀត​ដើរ​សឹងតែ​បុក​ក្បាល​គ្នា ពិសេស​យានយន្ត​គ្រប់​ប្រភេទ​ក៏បាន​សំរុក​ទៅមក​ដោយ​លំបាក​បំផុត ព្រោះ​ទីតាំង​ខាងលើ​ត្រូវ​ក្លាយជា​កន្លែង​ដាក់​ផ្ញើ​កង់ ម៉ូតូ​យក​លុយ​យ៉ាង​រំភើយ ហើយក៏​គ្មាន​ឃើញ​មុខ​ប្រធាន​ផ្សារ​ឬ​គណៈកម្មការ​ផ្សារ​មក​អន្តរាគមន៍​ម្តង​ឡើយ ទោះបី​មាន​ករណី​កកស្ទះ​ត្រង់ចំណុច​នេះ​គ្រប់ពេលវេលា​ក៏ដោយ​។​

អាជីវករ​ផ្សារ​ជាច្រើន​បាននាំគ្នា​លើកឡើងថា កាលពី​មិនទាន់​ចាក់​បេតុង​ផ្លូវចេញចូល​ខាងលិច​និង​ខាងកើត ក៏​ជា​កន្លែងផ្ញើកង់ ម៉ូតូ​ដែរ លុះ​អ្នកគ្រប់គ្រង​ផ្សារ​ចាប់ផ្តើម​សហ​ការ​​ស្ថាបនា​ផ្លូវ​បេតុង​ដ៏​ប្រណីត​នោះ ក្រុមអាជីវករ​នាំគ្នា​ត្រេកអរ ហើយ​រំពឹងគិតថា​នឹង​អាច​ងាយស្រួល​ធ្វើដំណើរ ថែមទាំង​ស្រួល​អង្គុយ​លក់ដូរ​ព្រោះ​គ្មាន​ភក់ជ្រាំ​ដូច​មុន តែ​ផ្ទុយទៅវិញ​បែរជា​ពិបាក​លើស​ដើម​ដោយសារ​ពេលធ្វើ​ផ្លូវ​រួចរាល់​ក៏ត្រូវ​បាន​យ​កក​ន្លែ​ន​នេះ​ដាក់​ផ្ញើ​ម៉ូតូ កង់ យ៉ាង​អនាធិបតេយ្យ​នៅ​ចំពាក់​កណ្តាល​ផ្លូ​ង​តែម្តង ចំណែក​អ្នកលក់​បន្លែ ត្រី សាច់ មួយចំនួន​ក៏មាន​ការលំបាក​សឹងតែ​រក​កន្លែង​លក់ដូរ​មិនបាន​។

ពួកគាត់​បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវចេញចូល​ផ្សារ​កំពង់ត្រាច បន្ទាប់ពី​បាន​ពង្រីក​ចាក់​បេតុង​ដ៏​ល្អ​វិចិត្រ​នោះ​វា​កាន់តែ​ចង្អៀត ព្រោះ​ចន្លោះ​សំរាប់​ឲ្យ​គេ​ធ្វើដំណើរ​មាន​សភាព​តូច ណា​មួយ​ពេលព្រឹក​ព្រលឹម​នៅទីនេះ​សំបូរ​មនុស្ស​ចេញចូល​ដឹកទំនិញ​មក​លក់​ក្នុង​ផ្សារ​ផង​នោះ​ទើប​ធ្វើ​ឲ្យ​កកស្ទះ​ទៅមុខ​មិន​រួច​ទៅក្រោយ​មិនបាន គាប់​ជួន​នៅ​កណ្តាល​ទ្រូងផ្លូវ​ត្រូវ​ដាក់​ផ្ញើ​កង់ ម៉ូតូ ២​ទៅ​៣​ជួរ​បែបនេះ​ពិតជា​រក​ច្រកចេញចូល​មិនបាន​ឡើយ​។​

ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើ​នៅ​រសៀល​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៣ នេះ  សារព័ត៌​មាន​​អរិយធម៌ មិនអាច​សុំ​ការពន្យល់​ណាមួយ​ពី​ប្រធាន​ផ្សារ​និង​គណៈកម្មការ​ផ្សារ​បាន​ទេ​។

ដោយឡែក​លោក អ៊ុម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​​ដាក់​ផ្ញើ​យានជំនិះ​នៅ​ចំពាក់​កណ្តាល​ទ្រូងផ្លូវ ពិតជា​បញ្ហា​មួយ​មិន​ត្រឹមត្រូវ ប៉ុន្តែ​ពេល​នេះ​ដោយសារ​លោក​រវល់​ច្រើន ចាំ​កិច្ចការ​រួចរាល់​លោក​នឹង​ចាត់វិធានការ​នាពេលខាងមុខ​៕ ដោយ​៖ ព្រាប ស

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya