ក្រចេះ ៖ មន្ត្រីជាច្រើននាក់ នៅក្នុងមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបង្ហើបឲ្យនាយហង្សទេព ដែលកំពុងតែហោះហើររកចំណីនៅខេត្តក្រចេះដឹងថា លោកស្រី ងួន ធារី កំពុងតែធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត បង្កើតនិង ប្រមូលបក្សពួកបានឡើងកាន់តំណែងជាប្រធានការិយាល័យគណនេយ្យ មកធ្វើជាអ្នកកាន់ ឯកសារលុយកាក់ និងរត់សំបុត្រផ្សេងៗ ក្នុងការិយាល័យគណនេយ្យ ដើម្បីប្រមូលផលប្រយោជន៍ យកមកចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងចំហដោយដោយគ្មានខ្លាចក្រែងមេកើយអ្វីឡើយ។ ប្រភពបានខ្សឹបប្រាប់នាយហង្សទេព ឲ្យដឹងទៀតថា ដោយសារអត់ទ្រាំមិនបាន ចំពោះភាពអសកម្ម និងអំពើពុករលួយ របស់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តក្រចេះ ពួកគេបានដាក់ពាក្យប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ទាក់ទិននឹងការកិបកេងថវិកាជាតិ យកទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយក្រោយមក ក្រុមអធិការកិច្ចបានចុះទៅស៊ើបអង្កេត លើបញ្ហានេះ ក៏ស្ងាត់សូន្យឈឹង មិនដឹងជាទទួលបានលទ្ធផល បែបណានោះទេរហូតមកដល់ថ្ងៃនេះ។ ហើយកាលពីពេលថ្មីៗនេះ មន្ត្រីក្នុងមន្ទីរសុខាភិបាល ខេត្តក្រចេះ ជាច្រើនទៀត បានប្រតិកម្មចំពោះករណី ដែលលោកស្រី ងួន ធារី ជាប្រធាន ការិយាល័យគណនេយ្យ បានបន្តយកបក្ខពួករបស់ខ្លួន មកកាន់ការងារ គ្រប់គ្រងលុយកាក់កិបកេង ប្រាក់របបបេសកកម្មរបស់ពួកគាត់ តាមតែទំនើងចិត្ត ដែលទាមទារឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួយពិនិត្យមើលភាពអសកម្ម ទាំងអស់នេះឡើងវិញផង។
រឿងដែលលោកស្រី ងួន ធារី បានប្រព្រឹត្តក្នុងការ យកបុគ្គលិកសន្តិសុខ មកកាន់ការងារគ្រប់គ្រងលុយកាក់ បានធ្វើឲ្យមន្ត្រីជាច្រើន ដែលមានឈ្មោះក្នុងក្របខ័ណ្ឌ បំពេញតួនាទីការងារ ក្នុងការិយាល័យគណនេយ្យ មានការខឹងសម្បាយ៉ាងខ្លាំង ព្រោះចំណាត់ការ របស់លោកស្រី ងួន ធារី បានធ្វើឲ្យមន្ត្រីជាច្រើន អត់មានការងារធ្វើ បែរជាយកបុគ្គលិកសន្តិសុខ មកកាន់ការងារលុយកាក់ជំនួសមន្ត្រីជំនាញ ដែលមានការតែងតាំង ក្របខ័ណ្ឌត្រឹមត្រូវ។ លើសនេះទៅទៀត សម្រាប់ករណីដែលយកឈ្មោះ បុគ្គលិកក្របខ័ណ្ឌ ទៅដាក់លើបេសកកម្មក្លែងបន្លំ ឬលិខិតបេសកកម្មសេះហោះ ដើម្បីយកលុយទៅបើក ឲ្យឈ្មោះ តយ អេងគីន គឺជាអំពើពុករលួយធ្ងន់ធ្ងរ ពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌ នៃការក្លែងលិខិត និងការរំលោភលើទំនុកចិត្ត ។
រឿងរ៉ាវមួយទៀតនោះ គឺកើតមាននៅក្នុង មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ តាំងពីឆ្នាំ២០១២ មកម្ល៉េះ គឺលោកស្រីឱសថការី យាវ ចាន់ណាវី មានតួនាទីជាអនុប្រធានផ្នែក បានជួលឈ្មោះ គូ សុខភឿន ដែលមិនមាន សញ្ញាបត្រអ្វីសោះមកធ្វើការ និងយាមជំនួស ដែលត្រង់ចំណុចនេះ មន្ត្រីក្នុងមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ មួយចំនួន បានលើកជាសំណួរថា តើមន្ទីរពេទ្យ ជាទីទុកចិត្តរបស់ប្រជាជនទេ បើគ្រូពេទ្យកាន់ផ្នែកឱសថការី ជួលមនុស្សអត់មានសញ្ញាបត្រ មកធ្វើការជំនួស និងគ្មានជំនាញត្រឹមត្រូវ។ មានការបញ្ជាក់ផងដែរថា ក្នុងមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ មានអ្នកជំងឺជាច្រើន ដែលគ្មានលទ្ធភាព ចេញទៅព្យាបាលនៅស្រុកយួន ឬឡើងមកភ្នំពេញ ក៏ទ្រាំសម្រាកព្យាបាលជំងឺ ទៅតាមយថាកម្ម នៅក្នុងមន្ទីរពេទ្យ ខេត្តក្រចេះ បើទោះបីជាគ្មានជំនឿចិត្ត ក៏ចេះតែទ្រាំទៅ ដោយសារតែពួកគាត់គ្មានជម្រើស។ ហើយរឿងរ៉ាវអស់ទាំងនេះ គួរតែអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេត ស្រាវជ្រាវឡើងវិញផង ព្រោះអំពើពុករលួយ និងគ្រួសារនិយម នៅក្នុងមន្ទីរសុខាភិបាលខេត្តក្រចេះ ៕ ដោយ៖ ឌឹម សឿន
» Breaking News, ព័ត៌មានជាតិ » ធ្លាយរឿងប្រធានការិយាល័យគណនេយ្យសុខាភិបាលខេត្តក្រចេះ ប្រព្រឹត្តអំពើពុករលួយ