ភ្នំពេញ៖ កាលពីថ្ងៃទី 23 កុម្ភៈ 2014 កន្លងទៅនេះ ក្រុមហ៊ុន កំពត ស៊ីមេន បានរៀបចំកម្មវិធីប្រគល់រង្វាន់ ដល់កំពូលអ្នកប្រដាល់ដែលជាម្ចាស់ជ័យលាភីទាំងបួនរូបរបស់ពានរង្វាន់ “កំពូលអ្នកប្រដាល់ជើងឯក ខេ ស៊ីមេន វគ្គ ៤” ក្រោមអធិបតីភាពរបស់ លោក ម៉ា សេរី ប្រធានកីឡាប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន និងឯកឧត្តម តែម ម៉ឺន ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក គិត គឹមអ៊ន ដែលជាតំណាងក្រុមហ៊ុនកំពត ស៊ីមេន។
បន្ទាប់ពីបានធ្វើការប្រកួតជម្រុះជាបន្តបន្ទាប់ ក្នុងចំណោមកីឡាករប្រដាល់ទម្ងន់ធ្ងន់ទាំងប្រាំបីរូបតាំងពីខែ តុលា ឆ្នាំ 2013 មក កំពូលអ្នកប្រដាល់ដែលទទួលបានជ័យលាភីជើងឯកគឺកីឡាករ នេន វណ្ណា ដោយទទួលបាន ខ្សែក្រវ៉ាត់មួយ ដែលត្រូវបានផ្តល់កិត្តិយសប្រគល់ជូនដោយលោក ម៉ា សេរី ប្រធានកីឡាប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន និងឯកឧត្តម តែម ម៉ឺន ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា រួមជាមួយ រង្វាន់ជាប្រាក់ខែចំនួន $510 សម្រាប់រយៈពេលបីខែ ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ 2014 មួយគ្រឿង ពានរង្វាន់មួយ និងទង់អនុស្សាវរីយ៍មួយ ដែលត្រូវបានប្រគល់ជូនដោយលោក គឹត គឹមអូន។ ជ័យលាភីចំណាត់ថ្នាក់លេខពីរគឺកីឡាករ ទេស សំខាន់ ដោយទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន $600 ទូរទស្សន៍ LCD ទំហំ 32 អ៊ីញមួយគ្រឿង ពានរង្វាន់មួយ និង ទង់អនុស្សាវរីយ៍មួយ ដែលត្រូវបានប្រគល់ជូនដោយលោក លីវ វុត្ថា ។ ជ័យលាភីចំណាត់ថ្នាក់លេខបីគឺកីឡាករ ង៉ែត រដ្ឋា ដោយទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន $500 ពានរង្វាន់មួយ និងទង់អនុស្សាវរីយ៍មួយ ដែលត្រូវបានប្រគល់ជូនដោយលោក អៀន បូរិទ្ធ ។ និងជ័យលាភីចំណាត់ថ្នាក់លេខបួន គឺកីឡាករ ផាន់ សារុន ដោយទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន $400 ពានរង្វាន់មួយ និងទង់អនុស្សាវរីយ៍មួយ ដែលត្រូវបានប្រគល់ជូនដោយលោក អ៊ីង គឹមហួត ។
ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់នេះដែរ លោក គិត គឹមអ៊ន ដែលជាតំណាងក្រុមហ៊ុនបានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាប្រដាល់ដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណដល់ អតិថិជនរបស់ ខេ ស៊ីមេន ទាំងអស់ ក៏ដូចជាដើម្បីផ្សព្វផ្សាយកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែររបស់យើង ឲ្យបានកាន់តែទូលំទូលាយថែមទៀតទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លោកបានបន្ថែមទៀតថា នេះគឺជាលើកទីបួនហើយដែល ខេ ស៊ីមេន បានបង្កើតព្រឹត្តិការណ៍ប្រដាល់ដ៏អស្ចារ្យនេះឡើងប្រកបដោយភាពជោគជ័យ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបំផុតពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់។ “ឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនលើសលប់ចំពោះកម្មវិធី កំពូលអ្នកប្រដាល់ជើងឯក ខេ ស៊ីមេន វគ្គមួយ វគ្គពីរ វគ្គបី និងវគ្គបួន នេះ ក្រុម ហ៊ុនសន្យាថានឹងនាំមកនូវព្រឹត្តិការណ៍ កំពូលអ្នកប្រដាល់ជើងឯក ខេ ស៊ីមេន វគ្គ 5 ជាបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខ” នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក គិត គឹមអ៊ន។
កំពត ស៊ីមេន គឺជាក្រុមហ៊ុនមួយដែលតែងតែចូលរួមយ៉ាងសកម្មដោយផ្ទាល់ និងដោយប្រយោល នៅក្នុងសកម្មភាពសង្គមនានាតាមរយៈការចែកចាយនូវផលិតផលដែលមានគុណភាពខ្ពស់នៅលើទីផ្សារ ការចូលរួមថែរក្សាបរិស្ថាន តាមរយៈការជួយឧបត្ថម្ភដល់សមាគមន៍ និងជាក់ស្តែងបច្ចុប្បន្នក្រុមហ៊ុន ក៏បាននិងកំពុងធ្វើការឧបត្ថម្ភដល់ ព្រឹត្តិការណ៍ប្រដាល់ក្បាច់គុនបុរាណខ្មែរជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយ និងលើកតម្កើងក្បាច់ប្រដាល់ខ្មែរយើងឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងទូលំទូលាយថែមទៀត៕
» Breaking News, ព័ត៌មានជាតិ » កីឡាករជើងឯកទាំងបួនរូបក្នុងកម្មវិធី “កំពូលអ្នកប្រដាល់ជើងឯក ខេ ស៊ីមេន វគ្គ4” ទទួលរង្វាន់ពីក្រុមហ៊ុនកំពត ស៊ីមេន