ភ្នំពេញ ៖ កាលពីវេលាម៉ោង ២និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ កុម្ភៈ ២០១៤នៅតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចក្បែរប៉ុស្តិ៍នគរបាល រដ្ឋបាលទួលសង្កែ សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។ យុវជនម្នាក់ចេញពីក្លិបកម្សាន្តនាគមាស ឌីស្កូ ត្រូវជនមិនស្គាល់មុខ ៤នាក់ ជិះម៉ូតូ ២គ្រឿងស្ទាក់វាយ និងបាញ់ប្រហារពីក្រោយចំនួន ៣គ្រាប់ ប៉ុន្តែត្រូវចំដៃឆ្វេង ១គ្រឿង បណ្តាលឲ្យរងរបួសបៀមគ្រាប់ ចំណែកជនល្មើសបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាពដែលហេតុការណ៍នេះ។
ជនរងគ្រោះឈ្មោះ វណ្ណា វ៉ាន់ឌី ភេទប្រុសអាយុ ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ដែលត្រូវជនមិនស្គាល់មុខបាញ់មួយគ្រាប់ចំដៃនោះបានអោយដឹងថា មុនពេលកើតហេតុ ខ្លួនគេនិងមិត្តភ័ក្តិ៥ទៅ៦នាក់ចូលរាំលេងកម្សាន្តនៅ នាគមាស ឌីស្កូក្លិប កម្សាន្តប្រហែលជា២ម៉ោងហើយ គេនិងមិត្តភ័ក្តិទាំងក៏បានបបួលគ្នាចេញមកវិញត្រឡប់មកផ្ទះ ខណៈជិះម៉ូតូត្រឡប់មកផ្ទះ វិញកំពុងធ្វើដំណើរ តាមផ្លូវក៏ស្រាប់តែលេចមុខជនមិនស្គាល់មុខចំនួន៤នាក់បានជិះម៉ូតូ ពីរគ្រឿងម៉ាកអាយខននិងមួយគ្រឿងម៉ាក ឌ្រិមសងសេ១២៥ បានជិះដេញតាមពួកគេពីក្រោយហើយរួច បានវ៉ាម៉ូតូពួកគេហើយមើលមុខខណៈនោះ ក៏ជនមិនស្គាល់មុខទាំង៤នាក់ខាងលើ បានស្រែកថា មិចបានជាពួកហ្អែង ជិះម៉ូតូវ៉ាអញ? ហើយពួកគេមិនបាន តបតវិញទេក៏បានជិះគេពីជនមិនស្គាល់មុខនោះ។
ស្រាប់តែជនមិន ស្គាល់មុខនោះជិះម៉ូតូពីក្រោយហើយដកកាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក បានបាញ់សំដៅមកពួកគេដែលកំពុងជិះម៉ូតូចំនួន៣គ្រាប់តែត្រូវចំនួន ១គ្រាប់ចំដៃខាងឆ្វេង បណ្ដាលអោយរងរបួសបៀមគ្រាប់ជាប់ក្នុងដៃឆ្វេងធ្ងន់ធ្ងរត្រូវ មិត្តភក្តិដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ កាល់ម៉ែត ទាក់ទិននិងករណីខាងលើនេះគឺគ្មានសមត្ថកិច្ចណាម្នាក់មកសួរនាំ ជនរងគ្រោះឡើយមិនត្រឹមតែប៉ុណ្ណោះ ករណីផ្ទុះអាវុធចំនួន៣គ្រាប់នៅក្បែរប៉ុស្តិ៍នគរបាលទួលសង្កែហើយ នៅតែគ្មានសមត្ថកិច្ចមកជួយអន្តរាគមន៍ សូម្បីតែម្នាក់។ក្រោយពេលកើតហេតុជនរងគ្រោះខាងលើកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕