ភ្នំពេញ៖ បុរស ២នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ចំណែកនារីម្នាក់ទៀត ត្រូវរងរបួសធ្ងន់ធ្ងរដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលអ្នកទាំង៣ ជិះម៉ូតូពីរគ្រឿងបុក គ្នា យ៉ាងពេញទំហឹងនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌ ចំការមន កាលពីវេលាម៉ោង ១ និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០១៣ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យជាង ៤០ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានជិះយ៉ាងលឿន ខណៈ មកដល់ចំណុចកែងផ្លូវព្រះសីហនុ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BS-8485 ឌុបស្រីស្នេហ៍ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើត ដោយបានបើកបរ ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានជ្រុលបុកចំពាក់កណ្តាលម៉ូតូគុបជ្រុងយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូគុបជ្រុង ហោះផ្លោងអូសជាប់ជាមួយម៉ូតូបោកក្បាលហូរឈាមស្រោចខ្លួនស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ចំណែកបុរសជាម្ចាស់ម៉ូតូនិចក៏ត្រូវបោកក្បាលនឹងថ្នល់ស្លាប់បាត់បង់ជីវិតដូចគ្នា ឬ ឯនារីម្នាក់ដែលរួមដំណើរ ជាមួយបុរសជិះម៉ូតូនិច ត្រូវរងរបួសធ្ងន់ធ្ងរបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូទាំងពីរគ្រឿងត្រូវរងនៅការខូចខាតទាំងស្រុង ចំណែកសាកសពនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារសមត្ថកិច្ចបាននឹងកំពុងព្យាយាមទំនាក់ទំនងទៅក្រុមគ្រួសាររបស់សាកសពរងគ្រោះឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ហើយម៉ូតូរបស់ពួកគេត្រូវបានសមត្ថកិច្ចចុះវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់គួរឲ្យញញើតនេះ បង្កឡើងដោយសារម្ចាស់ម៉ូតូទាំង ២គ្រឿងបើកបរលឿនដូចគ្នា ទើបបណ្តាលឲ្យជ្រុលបុកគ្នាយ៉ាងពេញទំហឹង តែម្តងទៅ៕ ដោយ៖ ទុយ បញ្ញា