ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ត្រកូល ប្រាក់ កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​ ​

ត្រកូល ប្រាក់ កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​ ​

​ព្រះសីហនុ​៖ ក្រោយពី​រាជរដ្ឋាភិបាល​ពុះ​បំបែក​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ជា​ក្រសួង​ពីរ​ផ្សេងគ្នា គឺ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​និង​ក្រសួង​រ៉ែ​និង​ថាមពល​រួចមក នៅ​ខេត្ត​ព្រះសីហនុ ក៏មាន​ការ​ពុះ បំបែក​មន្ទីរ​ជា​ពីរ​តាម​ក្រសួង​ដែរ ហើយ​លោក ប្រាក់ ចាន់​រឿន អតីត​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល ខេត្ត​នេះ​ត្រូវបានតែងតាំង​ជា​អគា​ធិ​ការ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​។​
​មន្ត្រី​មន្ទីរ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ពុះ​បំបែក​មន្ទីរ​ជា​ពីរ​នោះ មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​បច្ចុប្បន្ន​ដឹកនាំ​ដោយ លោក ប្រាក់ ប្រាកដ ជា​ប្រធានស្តីទី​និង​ជា​ប្រធាន រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​។ ចំណែក​មន្ទីរ​រ៉ែ​និង​ថាមពល​មកដល់ពេលនេះ​មិនទាន់មាន​ប្រធាន​មន្ទីរ​ទេ ប៉ុន្តែ គេ​បានដឹង​យ៉ាងច្បាស់​ថា​អ្នក​ដែល​នឹង​ក្លាយជា​ប្រធាន​មន្ទីរ​ថ្មី​នេះ គឺជា​កូនប្រុស​របស់លោក ប្រាក់ ចាន់​រឿន ឈ្មោះ​ប្រាក់​សំ ប្រាថ្នា មាន​អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​ជា​អនុប្រធាន​អង្គភាព​រដ្ឋាករទឹក ស្វយ័ត​ខេត្ត ព្រះសីហនុ​ដែល​ទើបនឹង​កាន់​ការងារ​នេះ​បាន​មួយរយៈ​ខ្លី​ហើយ​ត្រៀម​ឡើងជា​ប្រធាន​មន្ទីរ​។​
​មន្ត្រីរាជការ​ចាស់ៗ​ជាច្រើន​នៅក្នុង​អតីត​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល បាន​សំដែង​នូវ​ការ មិន​ពេញចិត្ត​និង​ឈឺចាប់​ស្ទើរ​ចុក​ឈាម នៅពេល​ទទួលដំណឹង​នេះ ប៉ុន្តែ​អ្វីៗ​គឺ​បានត្រឹមតែ​ឈឺចាប់ និង​ចុក​ឈាម មិន​ហ៊ាន​ចេញមុខ​ប្រឆាំង​តវ៉ា​ទេ ព្រោះ​ពួកគាត់​បានដឹង​ពី​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត រវាង​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ស៊ុយ សែម និង ប្រាក់ ចាន់​រឿន​។ នេះ​គឺជា​ទំនាក់ទំនង​មិនធម្មតា គឺ​ប្រៀបបាន​ដូច​បង​និង​ប្អូន មិនមែនជា​ចៅហ្វាយនាយ​និង​កូនចៅ​ទេ​។ ខណៈពេល​មិនទាន់ មានការ​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ជា​ផ្លូវការ​នោះ ក្រុមមន្ត្រី​ចាស់ៗ​នៅក្នុង​មន្ទីរ​ក៏បាន​ទទូច សូម​ឲ្យ គណៈ​អភិបាលខេត្ត​ព្រះសីហនុ ពិសេស​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ស៊ុយ សែម មុននឹង​សំរេច​តែងតាំង​មន្ត្រី​ណា​ម្នាក់ ធ្វើជា​ប្រធាន​មន្ទីរ ត្រូវ​គិត​ឲ្យ​បានច្បាស់លាស់ ហើយ​ត្រូវ​ជៀសវាង​នូវ​អំពើ ពុករលួយ​និង​បក្ខពួកនិយម​ឬ​គ្រួសារនិយម​។​
​សូម​រំលឹក​បន្តិច​ចុះ ព្រោះ​មាន​គេ​និយាយថា​លោក​ប្រាក់ ចាន់​រឿន កាល​នៅ​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល ខេត្ត​ព្រះសីហនុ ធ្លាប់មាន​រឿងអាស្រូវ​ពុករលួយ​និង​បក្ខពួកនិយម​ជាច្រើន​។ អំពើពុករលួយ​នោះ​រួមមាន​បើកដៃ​ឲ្យ​ឈ្មួញ ជីក​កាយ​អាចម៍ដី​នៅក្បែរ​ជើងភ្នំ​បូកគោ​ស្ថិត​ក្នុងភូមិ​ព្រែក​ទុល​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​ដែលមាន​ឧកញ៉ា ហាន ឃៀង ជា​អ្នកម៉ៅការ​ចាក់​បំពេញ​ដី​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ជាង​៤០០​ហិកតា ជូន​ក្រុមហ៊ុន​សាងសង់​រោងចក្រ​ប្រេងកាត ដែលមាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ដោយ​ក្នុង​មួយថ្ងៃៗ​គេ​ដឹក​អាចម៍ដី​រាប់ពាន់​រថយន្ត​បែន​ខ្នាត​ធំ ដោយ​ពុំ មានច្បាប់​ពី​ក្រសួង​រ៉ែ​និង​ថាមពល​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ចំណូល​រដ្ឋ​រាប់សែន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​និង បន្ត​មក​ឆ្នាំ​២០១៤​។ គេ​បន្តទៀតថា កន្លងមក​លោក ប្រាក់ ចាន់​រឿន ក៏បាន​បើកដៃ​ឲ្យ​ឈ្មួញ​កាយ​អាចម៍ ដី​ចាក់​លុប​សមុទ្រ​ជាច្រើន​កន្លែង​ដូចជា​នៅ​ស្រុក ស្ទឹងហាវ ស្រុក ព្រៃនប់​និង​ក្រុងព្រះសីហនុ ហើយ​ជាងនេះទៅទៀត នោះ គឺ​ឃុបឃិត​ជាមួយ​ឈ្មួញ​បូម​ខ្សាច់​ធ្វើ​អាជីវក​ម្មយ៉ាង​អនាធិបតេយ្យ​។​សកម្មភាព​ទាំងអស់​របស់លោក​ប្រាក់ ចាន់​រឿន ក្នុង តំណែង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល ជាច្រើន​អាណត្តិ​នោះ​ពិតជា​បានធ្វើ​ឲ្យ​រដ្ឋ បាន​បាត់បង់​ថវិកា រាប់សិប​លាន​ដុល្លារ​។ បើ​និយាយ​អំពី​អចលនវត្ថុ​របស់​រដ្ឋ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរ ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​មួយចំនួន​បាន​ធ្លាក់ចូល​កណ្តាប់ដៃ លោក​ប្រាក់ ចាន់​រឿន ដោយផ្ទាល់ ដូចជា​ឃ្លាំង​ដែលមាន​ផ្ទៃដី​ប្រមាណ​១​ហិកតា និង​មានតម្លៃ​២​លាន​ដុល្លារ​នៅមុខ​មន្ទីរ ឧស្សាហកម្ម​ជាដើម​។ លោក ប្រាក់ ចាន់​រឿន ទិញ​ដី​ពីរ​ដ្ឋ ដោយ​ភាពមិនប្រក្រតី ដោយ​ការឃុបឃិត​គ្នា​ស្ងាត់ៗ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ប្រាក់ ចាន់​រឿន បាន​រត់ការ​លក់​ដី​អណ្តូង ទឹកស្អាត​នៅក្បែរ​សាលាក្រុង​ព្រះសីហនុ​(​អតីត​ខណ្ឌ​មិត្តភាព​) និង​លក់​ឃ្លាំង​សំភារៈ​របស់​មន្ទីរ​ស្ថិត​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ដែលមាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង​១​ហិកតា​ស្ងាត់ៗ​ទៀត​។ ទង្វើ​នេះ​បានធ្វើ​ឲ្យ​លោក​ប្រាក់ ចាន់​រឿន ទទួលបាន​លុយ​ទឹកតែ​កប់​ក្តោង​ក្លាយជា​សេដ្ឋី​ម្នាក់​នៅក្នុង​ក្រុងព្រះសីហនុ​ទៅហើយ​។ ក្រៅពីនោះ​លោក​ប្រាក់ ចាន់​រឿន ក៏បាន​បើកដៃ​ឲ្យ​ក្រុម​ឱកាសនិយម​ដែលជា​អ្នក មានទ្រព្យ​ស​ម្បិ​ត្ត​និង​អំណាច​ចាប់ដី បឹង​ព្រែក​ដែលជា​តំបន់​ទឹកស្អាត​ក្រុងព្រះសីហនុ និង​ជា​អាងទឹក​ដ៏​សំខាន់​សំរាប់​ផ្គត់ផ្គង់​ទឹក​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត ខេត្ត​ព្រះសីហនុ​ពុះ​អង្កន់​ចែកគ្នា​ចាក់ដី​លុប​ស្ទើរ​រលាយ​បាត​បឹង​ទៅហើយ​។​
​គេ​និយាយទៀតថា លោក​ប្រាក់ ចាន់​រឿន បាន​បញ្ជូន​កូនប្រុស​ពីរ​នាក់​ក្នុងនោះ​ម្នាក់​ឈ្មោះ ប្រាក់  ចាន់​វាសនា ឲ្យ​កាន់​តួនាទី​ជា​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​នៃ​មន្ទីរ​ឧស្សាហកម្ម និង​ម្នាក់ទៀត​ឈ្មោះ ប្រាក់ សំ​ប្រាថ្នា ឲ្យ​ធ្វើជា​អនុប្រធាន​អង្គភាព​រដ្ឋាករទឹក​ស្វ័យ​ត​ខេត្ត​ទាំង​វ័យក្មេង​។ ពេលនេះ លោក​ប្រាក់ ចាន់​រឿន នៅតែ​មិន​ស្ងប់ចិត្ត​បែរជា​មាន​មហិច្ឆតា​រត់ការ​ជ្រោមជ្រែង​លើកស្ទួយ កូនប្រុស​ឈ្មោះ​ប្រាក់ សំ​ប្រាថ្នា ដែលមាន​អាយុ​ទើប​២៥​ឆ្នាំ​ឲ្យ​ធ្វើជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ព្រះសីហនុ​ថែមទៀត​។ ពិតជា​ឡូយ​ដែល គ្មាន​នរណា​ធ្វើ​ដូច​មែន​។ ជុំវិញ​ការ​ប្រតិកម្ម​នឹង​ព័ត៌មាន​នេះ កាសែត​អរិយធម៌​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ប្រាក់ ចាន់​ធឿន បានទេ​កាលពី​ម្សិលមិញ​៕ ដោយ​៖​ហេង មានជ័យ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya