ភ្នំពេញ៖ របាំងដែកចែកទ្រូងផ្លូវមួយកន្លែងចំនួន ៣ ផ្ទាំងត្រូវរងនូវការខូចខាតបាក់រៀបស្មើដី ខណៈដែល បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងបុករះយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៨ និង ១០ នាទី ល្ងាច ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-0067 បើកបរដោយបុរស២នាក់។ ប្រភពដដែលបានបន្តថាមុនពេលកើតហេតុគេសង្កេតឃើញបុរស២នាក់ វ័យជាង ៣០ ឆ្នាំ បានបើកបរថយន្តកាមរីបាឡែន មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុច កើតហេតុទំនងជារថយន្តបង្កបានគេចជាមួយម៉ូតូ ទើបជាហេតុបណ្តាលឲ្យរេចង្កូតទៅបុករះរបាំងដែកចែកទ្រូងផ្លូវបាក់អស់ចំនួន ៣ផ្ទាំង យ៉ាងពេញទំហឹងបែបនេះ ហើយរថយន្តត្រូវរងការខូចខាតគាបជាប់នឹង របាំងដែកបន្តដំណើរទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនិង នគរបាលជំនាញចុះវាស់វែងស្ទូចយក រថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ គ្រោះថ្នាក់នេះបង្កឡើងដោយសាររថយន្តបង្កបើកបរក្នុងល្បឿនពេកទើបបណ្តាលឲ្យរេចង្កូតបុករះរបាំងដែកតែម្តងទៅ ៕ ដោយ៖ ទុយ បញ្ញា