ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នា បង្កឲ្យមានកកស្ទុះចរាចរណ៍រាប់ម៉ោង នៅចំណុចមុខវត្តននមុនី តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៧ និង ០០ នាទីល្ងាច ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៣។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះនៅមុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខតាកែវ 3A-0747 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-9505 បានបើកវ៉ា រថយន្តហ៊ីយ៉ាន់ដាយ ក្នុងទិសដៅពីស្របទិសគ្នាខណៈនោះរថយន្តកូរ៉ូឡា បានបើកគេចពីម៉ូតូ ទាញចង្កូតមកស្តាំដៃ ក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយដែលកំពុងជិះពីក្រោយបានបុកពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង គាបជាប់គ្នា បន្តដំណើរទៅមុខលែងរួច បង្កការកកស្ទះចរាចរណ៍យ៉ាងកកកុញ អស់រយៈពេលជាច្រើនម៉ោង។ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកសម្របសម្រួលតម្រូវឲ្យភាគីទាំងពីរ យករថយន្តរបស់ពួកគេទៅ ជួសជុលរៀងៗខ្លួន ព្រោះដោយសារអ្នកទាំងពីរសុទ្ធតែជាអ្នកខុសដូចគ្នា។ សមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងហេតុការណ៍នេះបង្កឡើងដោយសាររថយន្តទាំងពីរបើកលឿន ជាពិសេស រថយន្តកូរ៉ូឡា បើកគេចម៉ូតូមិនមើលក្រោយ ទើបបណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយដែលមកពីក្រោយបុកយ៉ាងពេញទំហឹងបែបនេះតែម្តងទៅ៕ ដោយ៖ ទុយ បញ្ញា