បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ បានបញ្ជូនជន សង្ស័យម្នាក់ ទៅតុលាការ ខេត្តកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ពីបទរំលោភ សេពសន្ថវៈ ដែលជនសង្ស័យ បានប្រព្រឹត្ត កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
យោងតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកថ្មគោល គេបានដឹងថា ជនសង្ស័យ ដែល សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ តាន់ សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ លក់មាន់ មានទីលំនៅភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ។ ចំណែកជនរងគ្រោះមាន អាយុ៣២ឆ្នាំ មុខរបរ លក់មាន់បោចស្រាប់ មានទីលំនៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ តាមរបាយការណ៍ បានបញ្ជាក់ថា មុនពេលកើត ហេតុកាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ជនសង្ស័យនិង ជនរងគ្រោះរួម និងម្ចាស់ ផ្ទះឈ្មោះ ព្រឿង សំនៀង ភេទស្រី អាយុ៤៣ឆ្នាំ បាននាំគ្នាផឹកស៊ី ស្រាបៀរលីអូរ ជិត១កេះ រួចបានឱបថើប គ្នាបម្រុងរំលោភ តែមិនបានសម្រេចទេ លុះស្អែកឡើង ទើបជនរងគ្រោះមកប្តឹង សមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ ។
ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា នៅយប់កើតហេតុ ខ្លួនបាននាំគ្នាផឹកស៊ី ជាមួយគ្នា៣នាក់ រួមជាមួយម្ចាស់ផ្ទះ ពេលស្រវឹងខ្លាំង ខ្លួនក៏បានឱបថើបគ្នា ជាមួយជនរងគ្រោះ ហើយ សម្រាតបម្រុងរំលោភ តែដោយជនរងគ្រោះរើបម្រះ ក៏ខ្លួនមិនបានរំលោភទេ ព្រមទាំងជូនជន រងគ្រោះ ទៅផ្ទះ ហើយក៏ត្រឡប់មកវិញ។ លុះស្អែកឡើងស្រាប់តែសមត្ថកិច្ច មកឃាត់ខ្លួននៅតាមដងផ្លូវ នាំយកទៅ អធិការដ្ឋានស្រុកសាកសួរ រួចបញ្ជូនបន្តមកស្នងការ ខេត្តតែម្តង ។
បច្ចុប្បន្នកម្លាំង ការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យបន្ត ទៅតុលាការ ខេត្ត នៅព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ដោយ៖ មករា