បន្ទាយមានជ័យ ៖ ក្រោយសន្យា៩ថ្ងៃដោះស្រាយរឿងតំលៃអគ្គីសនីថ្លៃខុសពីភូមិជិតខាងក្នុងឃុំកូប ស្រុកអូរជ្រៅ និងក្នុងសង្កាត់និមិត្តក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋបាននាំគ្នាតវ៉ាស្នើរសុំអោយអាជ្ញាធរខេត្តរឺអ្នកតំណាងរាស្ត្រជួយបញ្ចុះតំលៃ ឥឡូវត្រូវបានដោះស្រាយជូនពលរដ្ឋរួចរាល់ហើយពី១៧០០រៀលមកនៅត្រឹមតែ១៣០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង កាលពីរសៀលថ្ងៃទី ១០ កក្កដា ២០១៣ដោយលោក ទ្រី ណារិន អភិបាលខេត្តបន្ទាយមានជ័យ ។
លោក ទ្រីណារិន អភិបាលខេត្តបន្ទាយមានជ័យបានប្រកាសចំពោះមុខពលរដ្ឋថាថា បន្ទាប់ពីបងប្អូនទៅសាលាខេត្តអោយលោកជួយដោះស្រាយ លោកបានខិតខំតាមរយៈលោកឧបនាយករដ្ឋមន្ត្រី កែវ គឹមយ៉ាន និងលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនចុះជួយខេត្តបន្ទាយមានជ័យបានជួបជាមួយអាជ្ញាធរអគ្គីសនីសុំអោយបញ្ចុះតំលៃភ្លើងជូនបងប្អូន រហូតដល់ថ្ងៃទី៩ កក្កដា ទើបបានលទ្ធផលដោយបញ្ចុះតំលៃភ្លើងពីសេវាករអគ្គីសនីកូបនិមិត្តពី ១២បាតជាលុយបាតមកត្រឹមតែ១៣០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីខែកក្កដានេះទៅរហូតបាន២ទៅ៣ខែទៀតនឹងបញ្ចុះបន្ថែមទៀតត្រឹម១២០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយឡែកចំពោះបញ្ហាកុងទ័រភ្លើងដែលបងប្អូនថា ដើរលឿនលោកនឹងចាត់អោយខាងអគ្គីសនីខេត្តដោះកុងទ័រយកទៅធ្វើការថ្លឹងត្រួតពិនិត្យមើល ។ លោកបន្តអោយដឹងទៀតថា នេះជាការលំបាកណាស់ដែលខាងអាជ្ញាធរអគ្គីសនីព្រមបញ្ចុះតំលៃជួនបងប្អូន ។
គួរបញ្ចាក់ថា បញ្ហាភ្លើងនិងកុងទ័រដើរមិនប្រក្រតីនេះត្រូវបានប្រជាពលរដ្ឋចំនួន៥ភូមិនៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត និងឃុំកូបស្រុកអូរជ្រៅដែលជាប់ព្រុំប្រទល់គ្នាប្រមាណជា១០០នាក់ទៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី១ កក្កដា ២០១៣ សុំអោយអាជ្ញាធរខេត្ត រឺតំណាងរាស្ត្រជួយអន្តរគមន៍បញ្ចុះតំលៃអគ្គីសនីពីសេវ៉ាករកូបនិមិត្តដែលតំលៃភ្លើងក្នុង១គីឡូវ៉ាត់ម៉ោងតំលៃ១២បាតមកអោយត្រឹម១០០០រៀលរឺក៏៦បាត ។ នាពេលនោះខាងអាជ្ញាធរខេត្តបានសន្យានឹងជួយដោះស្រាយអោយបានបន្ទាប់ពីរយៈពេល៩ថ្ងៃ ។ តាមការសន្យានេះអាជ្ញាធរខេត្តដោយមានលោក ទ្រី ណារិន ជាអភិបាលខេត្តពិតជាបានដោះស្រាយអោយពួកគាត់ទោះបីជាមិនបានទៅតាមការស្នើរសុំរបស់ពួកគាត់យ៉ាងណាក៏ដោយក៏លោកបានដោះស្រាយមកនូវត្រឹនតែ១៣០០ធ្វើអោយពួកគាត់អាចទទួលយកបាន ។ ពលរដ្ឋជាច្រើននាក់បានអោយដឹងថា ដើម្បីឆ្លើយតបនិងការខិតខំរបស់អាជ្ញាធរខេត្តក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រីទាំង២ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីគាំទ្រសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ។ ព្រោះថា មានតែគណបក្សប្រជាជនតែមួយគត់ដែលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ៕ សម្បត្តិ សីហា