ភ្នំពេញ៖ លោក សារ៉ាត់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ត្រូវបាន មន្ត្រីជាច្រើន បានលើកឡើងថាបង្កើតបក្ខពួកនិយមនិងប្រព្រឹត្តពុករលួយក្នុងអង្គភាពនេះដោយបានបំពានទៅលើសហលក្ខន្តិកៈមន្ត្រីរាជការ គ្រាដែលរូបលោកមានសិទ្ធិអំណាចចាត់ចែងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យកាន់ការងារលុយកាក់ចាត់ចែងគ្មានតម្លាភាព ធ្វើឲ្យមន្ត្រីជាច្រើនមិនសប្បាយចិត្ត «មិនខុសពីពាក្យថា ដកគ្នាគេដាក់គ្នាអញ»នោះឡើយ។
ប្រភពបានទម្លាយឱ្យដឹងថា លោក សារ៉ាក់ ខាន់កំពុងតែគិតគូរអភិវឌ្ឍន៍ខ្លួនឯងប្រមូលបក្ខពួកឲ្យកាន់ការងារធំៗកាន់តែច្រើនឡើងៗតាមរយៈការកម្ចាត់កម្ចាយមន្ត្រីដែលមានទស្សនៈគំនិតផ្ទុយពីគាត់រៀបចំដាក់ខ្សែស្រឡាយនិងបក្ខពួកតាមតែទំនើងចិត្ត ដោយលោករដ្ឋមន្ត្រី ប្រាក់ សុខុន ពុំបានដឹងពីរឿងរ៉ាវទាំងនេះទេ។
មន្ត្រីមួយចំនួនបានបញ្ជាក់ថា លោក ម៉ូវ ចរិយា ដែលជាប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជា កាលពីមុនជាមនុស្សដែលសម័យលោក សូរ ឃុន រដ្ឋមន្ត្រីមុនបានរៀបចំតែងតាំងតែពេលនេះបែរជាផ្ទេរតំណែងឲ្យលោក ឡាយ ម៉ារីវូ ជាមនុស្សជំនិតរបស់លោក សាវ៉ាក់ ខាន់ ឡើងជាសមាជិកទី១នៃបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ហើយលោក សុង ឡេងជាប្រធានលេខាធិការដ្ឋាន។ ប្រភពដដែលបានបន្តឱ្យដឹងថា គ្រាន់តែមកកាន់តំណែងភ្លាមៗមន្ត្រីទាំង២រូបនេះបានខិតខំប្រឹងប្រមែប្រមូលប្រណាំងប្រជែងគ្នា ទិញរថយន្តទំនើបៗចាយថវិកាជាតិយ៉ាងខ្ជីខ្ជាបំផុតធ្វើឱ្យមន្ត្រីរាជការនៅក្រសួងភ្ញាក់ផ្អើលគ្រប់ៗគ្នា។
ប្រភពបញ្ជាក់ថា សម័យលោក ប្រាក់ សុខុនធ្វើជារដ្ឋមន្ត្រីនេះកើតមានភាពអសកម្មនិងអំពើពុករលួយមិនចាញ់ជំនាន់លោក សូរ ឃុនប៉ុន្មានទេព្រោះមន្ត្រីនិយមប្រព្រឹត្តអំពើពុករលួយកិបកេងប្រមូលថវិកាជាតិយកទៅច្រកហោប៉ៅផ្ទាល់ខ្លួននៅតែមានមុខកាន់តំណែងធំៗក្នុងក្រសួងនេះដដែលហើយមន្ត្រីជាច្រើនក៏បាននាំគ្នានិយាយពីបញ្ហាបក្ខពួកនិយមនិងអំពើពុករលួយដែលកំពុងកើតមានក្នុងអង្គភាពបញ្ញត្តិករទូរគមនាគមន៍កម្ពុជាដែលមានសិទ្ធិគ្រប់គ្រងប្រាក់ចំណូលទៅលើសេវាទូរគមនាគមន៍។ ប្រភពនៅបានទម្លាយឱ្យដឹងទៀតថា រឿងពិតមួយគឺប្រាក់ចំណូលជាច្រើនបានហូរចូលហោប៉ៅមន្ត្រីពុករលួយជាបក្ខពួករបស់លោករដ្ឋលេខាធិការសារ៉ាក់ ខាន់ហើយគ្មានភាពម្ចាស់ការគ្រប់គ្រងទៅលើប្រាក់ចំណូលនោះទេដែលសកម្មភាពនេះ ពួកគាត់ដែលជាមន្ត្រីរាជការនៅតែទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយជួយចុះមកពិនិត្យមើលបញ្ហានេះឡើងវិញផងជាពិសេសលោក ប្រាក់ សុខុនមិនគួរមើលរំលងបញ្ហាដែលកើតមានក្នុងអង្គភាព បញ្ញត្តិករ ទូរគមនាគមន៍នេះនោះទេ។
ភាពអសកម្ម និងអំពើពុករលួយដែលកើតមានក្នុងអង្គភាពបញ្ញត្តិករទូរគមនាគមន៍ បានកើតឡើងដោយសារការបើកភ្លើងខៀវពីលោក សារ៉ាក់ ខាន់ធ្វើឲ្យអង្គភាពនេះរកចំណូលក្រោមតុបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ពីប្រតិបត្តិករ ក្រុមហ៊ុនឯកជន លើសេវារលកវិទ្យុអាកាសហ្វ្រេកង់ពីវិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍ដោយសារតែឥទ្ធិពលរបស់លោក សារ៉ាក់ ខាន់ដែលបានបំពានលើសហលក្ខន្តិកៈមន្ត្រីរាជការតាមតែទំនើងចិត្តមិនដែលគិតគូរពីការកែទម្រង់ឬភាពក្តៅក្រហាយរបស់មន្ត្រីតូចតាចនៅក្រោមឱវាទនោះទេ។មន្ត្រីជាច្រើនបានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំង ពេលដែលលោករដ្ឋលេខាធិការសារ៉ាក់ ខាន់ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាការជួយជ្រោមជ្រែងឲ្យលោកសុង ឡេង ពីមុនជាអគ្គនាយករងប្រៃសណីយ៍កម្ពុជាធ្លាប់មានប្រវត្តិមិនល្អក្នុងការកេងប្រវ័ញ្ចបាត់ប្រាក់ចំណូលពីការលក់តែមរាប់សិបលានបែរជាត្រូវបានតែងតាំងឲ្យកាន់តំណែងជាប្រធានលេខាធិការបញ្ញត្តិករទូរគមនាគមន៍កម្ពុជាទៅវិញ។
ពាក់ព័ន្ធទៅនឹងការលើកឡើងពីមន្ត្រីក្រសួងខាងលើនេះ នាយជ្រូកខ្វៃ បានទំនាក់ទំនងទៅលោករដ្ឋលេខាធិការសារ៉ាក់ ខាន់ នោះដែរ តែមិនអាចទាក់ទងបានដោយទូរស័ព្ទ ឆ្លើយថា ជាប់រវល់តែរហូតនេះមកពីលេខទូរស័ព្ទណាដែល គេដាក់ភ្ជាប់ប្រព័ន្ធឆ្លើយជាជាប់រវល់ ៕ ដោយ៖ នាយស្មានឡេះ