បន្ទាយមានជ័យ ៖ ទំនិញគេចពន្ធត្រូវបាននាំ ចូលតាមច្រករបៀងទាំងអស់ក្រោមការគ្រប់គ្រងរបស់ប៉ូលិស វរៈការពារព្រំដែនលេខ៩១១ ដែលបានកំពុងមានសកម្មភាពជារៀងរាល់ថ្ងៃធ្វើឱ្យបាត់បង់ចំណូលរបស់ រាជរដ្ឋាភិបាលគួរឲ្យសោកស្តាយ។
យោងតាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែត គេបានឱ្យដឹងថា នៅក្នុងសង្កាត់ប៉ោយប៉ែតមានច្រករបៀង ៩កន្លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ូលិសវរៈការពារព្រំដែនលេខ ៩១១ ដែលបានបើកចំហឱ្យមានទំនិញ គេចពន្ធនាំចូលពីប្រទេសថៃមកកម្ពុជាជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ រថយន្តជាច្រើនគ្រឿង ធ្វើសកម្មភាព រីឯពលករចំណាកស្រុកក្នុងមួយយប់ៗមានប្រមាណ១០០នាក់ បានចាកចេញពីកម្ពុជាទៅ ធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ត្រូវឆ្លងកាត់ច្រករបៀងរបស់ប៉ូលិសវរៈការពារព្រំដែនលេខ ៩១១នេះផងដែរ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ប៉ូលិសវរៈការពារព្រំដែនលេខ ៩១១ស្ថិតនៅក្រោមបញ្ជារបស់លោក សូចាន់ណារី ជាមេបញ្ជាការបានបញ្ជាឱ្យលោក សួង សៅ ជាមេបញ្ជាការរងធ្វើជាអ្នកគ្រប់គ្រងប៉ុស្តិ៍ច្រក របៀងទាំង៩ កន្លែងនោះ ។ លោក សួង សៅ ឈរជើង ប្រចាំការនៅប៉ុស្តិ៍បឹងសាគូ ហើយក្រុម ប៉ូលិសនៅក្រោមបញ្ជាលោក សួង សៅ ត្រូវបានចាត់តាំងឱ្យឈរជើងនៅតាមប៉ុស្តិ៍ច្រករបៀងនានា ដើម្បី ប្រមូលប្រាក់ពីរថយន្តដឹកទំនិញគេចពន្ធទាំងអស់ដែលដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជាដែលឆ្លងកាត់ប៉ុស្តិ៍ កុងត្រូលជជុះរបៀងរបស់ប៉ូលិសវរៈការពារព្រំដែនលេខ ៩១១ នេះ។
ប្រភពដដែលបានបន្តថា មានរថយន្តក្នុងមួយ ថ្ងៃៗជាច្រើនគ្រឿង បានឆ្លងកាត់ប៉ុស្តិ៍ទាំង ០៩កន្លែងរបស់លោក សូ ចាន់ណារី ហើយត្រូវបានកូនចៅលោក សួង សៅ តម្រូវឱ្យបង់ប្រាក់ក្នុងរថយន្តមួយគ្រឿងៗ ចាប់ពី ១០ ទៅ ២០ ម៉ឺនរៀល តាមទំហំរថយន្ត និងចំនួនទំនិញ ដែលដឹកចូលមកនោះ ។ ការតម្រូវឱ្យបង់ប្រាក់នេះ គឺជាសកម្មភាពថ្នូរទៅនឹងការមិនរុះរើ ត្រួតពិនិត្យទំនិញដែលភាគ ច្រើនជាទំនិញដែលមិនបង់ពន្ធត្រឹមត្រូវ តាមច្បាប់កំណត់ ។
ចំណែកឯអ្នកអង្គុយស្ងៀមដូចលោក សូ ចាន់ណារី ទទួលបានប្រយោជន៍ច្រើនជាងគេ ព្រោះលោកជា មេបញ្ជាការ រីឯលោក សួង សៅ ជាមេបញ្ជាការរងវិញក៏ទទួលលាភសក្ការៈគ្រាន់បើដែរ ព្រោះលោក ជាមេបញ្ជាការរងតែមិនអាចប្រៀបធៀបជាមួយលោក សូ ចាន់ណារី ជាមេកើយបានឡើយ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថាក្រៅពីទំនិញគេចពន្ធនានានោះ ប៉ុស្តិ៍របៀងនេះ ក៏បើកដៃឱ្យពលករខ្មែរ ឆ្លងដែនដោយខុសច្បាប់ ចេញទៅរកការងារធ្វើនៅប្រទេសថៃក្នុងមួយយប់ៗមានប្រមាណ ១០០ នាក់ដែរ។ តាមច្រករបៀងទាំង៩កន្លែង នេះមានពលករចំណាក ស្រុកចេញរៀងរាល់យប់ ។ ពលករខ្មែរមួយរូបត្រូវបង់ឱ្យប៉ូលិសវរៈការពារព្រំដែនលេខ ៩១១ ចាប់ពី ២ម៉ឺន ទៅ ៤ម៉ឺនរៀល ជាចំណូលសម្រាប់ក្រុមក្តឹបប៉ូលិសចិញ្ចឹមឆ្នាំងបាយបម្រើការឱ្យ លោក សូ ចាន់ណារី ជាមេកើយធំជាងគេនៅទីនោះ ។ សូមលោកអភិបាលខេត្តមេត្តាចុះទៅត្រួតពិនិត្យផង តើដូចគេរាយការណ៍នេះ ដែរឬអត់? កាសែតអរិយធម៌មិនអាចសុំការពន្យល់ពីលោក សូ ចាន់ណារី បានទេកាលពីម្សិលមិញ៕ ដោយ៖ សម្បត្តិ សីហា