បន្ទាយមានជ័យ៖ គយចល័តរបស់សាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ មានឈ្មោះថាគយចល័តទេតែមិនបានចល័តអ្វីឡើយ គឺដាក់ប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងរាប់ឆ្នាំមកហើយនៅចំណុចសាលាក្រហមស្រុកអូរជ្រៅ ដើម្បីយកលុយពីទំនិញសព្វបែបយ៉ាង មិនថាទំនិញនាំចូលពីប្រទេសថៃឬទំនិញនាំចូលពីប្រទេសណានោះទេ សូម្បីតែអេតចាយ ក៏ម្ចាស់ទំនិញត្រូវបង់លុយអោយដែរ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះទំនិញអេតចាយមួយរថយន្តយីឌុបត្រូវបានមន្ត្រីគយចល័តខាងលើបើករថយន្តដេញតាមអោយឈប់ហើយនាំម្ចាស់ទំនិញអោយទៅបង់លុយនៅកន្លែងខ្លួនវិញ ។
បើតាមព័ត៌មានពីព្រូរថយន្តដែលមិនបានប្រាប់ឈ្មោះបានអោយដឹងថា តៃកុងរថយន្តយីឌុបឈ្មោះ នី អាយុប្រហែល៣០ឆ្នាំ ខណៈពេលដែលដឹកអេតចាយ ពីក្រុងប៉ោយប៉ែតសំដៅទៅព្រំដែនវៀតណាមក្រោយពីបានដឹកអេតចាយទាំងនេះពីក្នុងប្រទេសសំដៅយកទៅលក់នៅក្រុងប៉ោយប៉ែតដើម្បីនាំទៅថៃតែដោយមានតំលៃថោកពេកក៏ដឹកត្រលប់មកវិញតាមផ្លូវជាតិលេខ៥ លុះបើកហួសកន្លែងគយចល័តសាលាក្រហមស្រាប់តែរថយន្តគយចំនួន២គ្រឿងដេញតាមអោយរថយន្តឈប់ហើយនាំយកតៃកុងរបស់ខ្លួនជិះឡានទៅជាមួយបាត់ ។ តាមការសន្និដ្ឋានគឺដឹកយកតៃកុងទៅកន្លែងគយចល័តដើម្បីនិយាយរឿងលុយ ដែលត្រូវបង់អោយគយព្រោះថារាល់ដងពេលដឹកអេតចាយជាសំបកដបឆ្ពោះទៅខេត្តនិងរាជធានីដទៃត្រូវឈប់បង់លុយអោយគយក្នុងមួយរថយន្តយីឌុបតំលៃ ២០០០០០ ម្ភៃម៉ឺនរៀល ។ រថយន្តដឹកអេតចាយនេះជារថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3B 0216 ក្បាលនិងទ្រុងពណ៌សលាយបៃតង ។
ប្រភពព័ត៌មានផ្សេងៗទៀតបាននិយាយថា គយចល័តនៅសាលាក្រហមនេះមិនថាតែទំនិញដែលនាំចូលពីថៃមានពន្ធឬគ្មានពន្ធនោះទេ គឺត្រូវតែឈប់បង់លុយបើមិនឈប់បង់លុយហើយហ៊ានបើកហួសកន្លែងគេគយឬក៏សមត្ថកិច្ចនឹងបើកឡានដេញតាមចាប់យកមកអោយបង់លុយឬបញ្ជូនទំនិញទៅសាខាគយក្នុងខេត្ត ។ និយាយជារួមក្នុងមួយថ្ងៃៗមានទំនិញនាំចូលពីប្រទេសថៃជាច្រើនដែលឈ្មួញបានបង់លុយជូនសមត្ថកិច្ចគយដោយគ្មានវិក្កយត្របង់លុយឡើយ គឺគ្រាន់តែបង់លុយសុទ្ធអោយទៅគយក្នុងតំលៃដែលចរចាគ្នាជាការរួចស្រេច ។ ចំពោះគយចល័តដែលដាក់ប៉ុស្ត៍គ្រប់ផ្លូវក្នុងខេត្តបន្ទាយមានជ័យចាំយកលុយពីឈ្មួញនាំទំនិញគឺរាប់ឆ្នាំមកហើយទោះបីជាមានការផ្លាស់ប្តូរមេសាខាគយពីរបីនាក់រហូតដល់លោក ថោង សុខាំកូ ដែលទើបតែឡើងកាន់តំណែងជាប្រធានស្តីទីក្តាប់រួមយ៉ាងណាក៏ដោយក៏ប៉ុស្តិ៍ជជុះយកលុយរបស់គយនៅតែបន្តមាន ។
លោក ថោង សុខាំកូ ប្រធានស្តីទីក្តាប់រួមសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានអោយដឹងថា ចំពោះទីតាំងគយសាលាក្រហមគឺលោកបានចាត់អោយអនុប្រធានម្នាក់ប្រចាំការនៅទីនោះដើម្បីធ្វើការត្រួតពិនិត្យឯកសារ និងបោះត្រាលើក្រដាសពន្ធទំនិញដែលនាំចូលពីថៃដោយពីមុនការត្រួតពិនិត្យឯកសារ និងបោះត្រាលើក្រដាសពន្ធនេះគឺធ្វើឡើងនៅមុខសាខាគយតែដោយមានបញ្ហស្ទះចរាចរណ៍លោកក៏សម្រេចយកទីតាំងខាងលើដើម្បីត្រួតពិនិត្យវិញ ។ ដោយឡែកចំពោះការត្រួតពិនិត្យទំនិញក្នុងស្រុកដូចជាអេតចាយ, ខោអាវជជុះគឺត្រួតពិនិត្យក្រែងមានការលួចបង្កប់ ៕
ដោយ៖សម្បត្តិ សីហា