សៀមរាប៖ ក្រុមហ៊ុនឯកជនមួយឈ្មោះសុខ សំណាង ដែលបានទទួលសិទ្ធិបន្តពីក្រុម ហ៊ុនដាតារ៉ាប់ប៊ើ និងក្រុម ហ៊ុន ទំរីងរ៉ាប់ប៊ើ កំពុងតែសប្បាយចិត្តទៅនឹងការកាប់បំផ្លាញព្រៃឈើក្នុងបរិវេណក្រុមហ៊ុន និងក្រៅក្រុមហ៊ុនព្រម ទាំងផ្ទុកចំនួនឈើលើរថយន្តដឹកជញ្ជូនលក់លើសចំណុះបំផ្លាញផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរផ្គើនទៅនឹង បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ក្រឡែតដែលសម្តេចបានប្រកាសព្រមានខ្លាំងៗ កាលពីថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០១៣ នៅក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ។តាមប្រភពច្បាស់ការបាននិយាយថា ក្រុមហ៊ុនសុខ សំណាងពុំមានអាជ្ញាប័ណ្ណប្រគល់ពីប្រមុខរាជរដ្ឋាភិបាលដើម្បី វិនិយោគផ្នែកវិស័យកសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូនោះទេ គឺបានទទួលបន្តកិច្ចសន្យាពីក្រុមហ៊ុនដាតារ៉ាប់ប៊ើ និង ទំរីងរ៉ាប់ប៊ើដែលមានទីតាំងនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តែប៉ុណ្ណោះដែលបានសិទ្ធិស្រប ច្បាប់ពីប្រមុខរាជរដ្ឋាភិបាលក្នុងការប្រមូលផលព្រៃឈើ និងអនុផលព្រៃឈើ។ ក៏ប៉ុន្តែក្រោយពីក្រុមហ៊ុនសុខ សំណាងបាន លិខិតកិច្ចសន្យាពីក្រុមហ៊ុនទាំងពីរខាងលើរួចមកក្រុមហ៊ុន សុខ សំណាង ក៏បានដៃចាប់ផ្តើមសម្រុកកាប់បំផ្លាញព្រៃឈើ និងប្រមូលទិញឈើក្រៅបរិវេណក្រុមហ៊ុនដូចជាឈើលេខ១ឈើ លេខ២ និងឈើគ្រញូងដែលជាដើមហេតុនាំឱ្យប្រជាពល រដ្ឋខ្មែរឡើងទៅលួចកាប់ឈើនៅក្នុងដីថៃធ្វើឱ្យទាហានថៃបាញ់សម្លាប់ ផងដែរ។
ប្រភពបន្តថា ក្រៅពីក្រុមហ៊ុនសុខ សំណាងមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងមុខរបរជំនួញឈើស្របច្បាប់ និង មិនស្របច្បាប់នោះក៏ក្រុមហ៊ុនធ្វើនំអត់ម្សៅមួយនេះនៅ មានរឿងអាស្រូវជាហូរហែទៀតគឺបានប្រមូលទិញឈើដោយខុស ច្បាប់ពីខាងក្រៅក្រុមហ៊ុនដឹកជញ្ជូនចែកចាយលក់នៅតាមបណ្តាខេត្ត ក្រុងដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តមួយចំនួនទៀត។
ក្នុងនោះដែរ ក្រុមហ៊ុនសុខ សំណាង ក៏បាន ផ្ទុកនូវចំនួនឈើលើរថយន្តមានប្រហែល ៥០ ទៅ ៦០ សិបម៉ែត្រគូបដែលជាចំនួនឈើច្រើនសន្ធឹកសន្ធាប់ដែលគេអាច ចាត់ទុកថា ដឹកលើសទម្ងន់នាំឱ្យខូចផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ។ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់បានអះអាងថា ផ្លូវថ្នល់ជាតិ និងផ្លូវលំជាច្រើនខ្សែបានទទួលរងបាក់ ស្រុតខូចខាតយ៉ាងដំណំ ដោយសារក្រុមហ៊ុនសុខ សំណាង ដឹកឈើលើសទម្ងន់។
ក្នុងនោះដូចជា ផ្លូវពីស្រុកត្រពាំងប្រាសាទទៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបងទៅសៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង បានរងការខូចជាច្រើនកន្លែង ព្រោះតែក្រុមហ៊ុនសុខ សំណាងដឹកជញ្ជូនឈើលក់គ្មានមេត្តា អាណិតផ្លូវដែលធ្វើឱ្យរដ្ឋខាតបង់ប្រាក់រាប់សិបលានក្នុងការស្តា ជួសជុលផ្លូវឡើងវិញ។មន្ត្រីដដែលបានបន្តទៀតថា ដូចជា ផ្លូវចេញពីក្រុមហ៊ុនក្នុងស្រុកត្រពាំងប្រាសាទមកខេត្តសៀមរាប ឆ្លងកាត់ស្រុកស្វាយលើ និងផ្លូវ៦៧ ផ្លូវបំបែកចេញពីចំណុច ស្រែណូយទៅស្រុកវ៉ារិនអង្គរជុំដែលជាផ្លូវលំក្រាលក្រួសក្រហមក៏ ទទួលរងការបាក់ស្រុតខូតខ្ចេចខ្ចីស្ទើរទាំងស្រុងផងដែរ ដោយ ក្រុមហ៊ុនសុខ សំណាង បំផ្លិចបំផ្លាញ។ ក្រុមអ្នកជំនាញព្រៃឈើបានធ្វើការអះអាងថា ក្រុមហ៊ុនឯកជន សុខសំណាង មិន ត្រឹមតែដឹកឈើលើសចំណុះបំផ្លាញផ្លូវថ្នល់ជាតិតែប៉ុណ្ណោះទេ ថែមទាំងបានឃុបឃិតជាមួយជំនាញរដ្ឋបាលព្រៃឈើធ្វើ ប៉េសេបន្លំភ្នែករដ្ឋទៀតផង ដោយគេធ្វើប៉េសេដឹកឈើមានចំនួន២៨ ទៅ ៣០ម៉ែត្រគូបតែពួកឈ្នួញក្រុមហ៊ុនបានផ្ទុកចំនួន ឈើរហូតដល់ ៥០ ទៅ ៦០ម៉ែត្រគូបឯណោះ ហើយពេលខ្លះគេមានច្បាប់តែមួយឡានគេដឹកពីរឡានទៅបីឡានដោយបាន ប្រើប្រាស់នូវរថយន្តសុទ្ធតែប្រភេទយីឌុបហៅ រថយន្តយក្ស។
ដូច្នេះរដ្ឋមិនត្រឹមតែអស់ព្រៃឈើតែមួយមុខប៉ុណ្ណោះ គឺរដ្ឋបានបាត់បង់ប្រាក់រាប់សែនម៉ឺនដុល្លារ ព្រោះតែក្រុមហ៊ុនមួយនេះដឹកឈើគ្មានច្បាប់អត់គ្រប់ គ្រាន់ហើយបំផ្លាញផ្លូវជាតិទៀតផងដែលជារឿងមួយដ៏រសើបបំផុត៕ដោយ៖ យាយ ទេព