ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៤ បានបញ្ជូនជនសង្ស័យម្នាក់ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃ ស ពាក់ព័ន្ធទៅនឹងករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនក្រោមអាយុ១៤ ឆ្នាំ។
ជនសង្ស័យ មានឈ្មោះ សូ ឆានី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះឈ្មោះ ស.ស.ន ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្ស បច្ចុប្បន្នរស់នៅជាមួយម្តាយក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី១២ កុម្ភៈ ២១០៤ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះប្រាប់រឿងចិញ្ចៀន ដែលជនសង្ស័យបានខ្ចីហើយធ្វើបាត់ ពេលដែលជនរងគ្រោះបានមកជួបហើយ ក៏ឌុបជនរងគ្រោះទៅតូបលក់ទឹកត្នោតជូរខាងត្បូងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ព្រមទាំងបានធ្វើសកម្មភាពចាប់ឱប ថើប និងផ្តួលទៅលើដី រួចពោបពីលើជនរងគ្រោះ ដោយនិយាយសុំរួមភេទ។ ប៉ុន្តែជនរងគ្រោះបានបដិសេធ ហើយក៏ស្ទុះក្រោកឡើងឈរក្បែរម៉ូតូ និងបង្វេរឲ្យជនសង្ស័យឌុបត្រឡប់ទៅផ្ទះវិញ។ លុះជនរងគ្រោះបានប្រាប់រឿងហេតុ ដែលជនសង្ស័យធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈទៅម្តាយ ព្រមទាំងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ទើបនៅថ្ងៃទី១៥ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួន ជនសង្ស័យនៅចំណុចខាងមុខផ្ទះស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រួចនាំយកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕