ពួកស្នំរបស់ព្រះបរមសព ព្រះមុនីវង្ស ដែលមិនទាន់រុះរើផ្ទះសម្បែងទៅរស់នៅក្រៅបរិវេណនៃ ព្រះបរមរាជវាំងតាមគម្រោងការរបស់លោក ធី បូដូ ទេសាភិបាលជាន់ខ្ពស់បារាំង ដែលភ័យខ្លាច ព្រះ មហាក្សត្រ ទប់ព្រះទ័យនឹងពួកស្នំនោះមិនបាន ហាក់ដូចជាគ្មាននរណាចាប់អារម្មណ៍លើព្រះអង្គ ទាល់តែសោះ ក្រៅពីស្នំម្នាក់ឈ្មោះថាច ដែលមានវ័យច្រើនជាងព្រះអង្គ បានបង្ហាញនូវមនោសញ្ចេតនា ស្នេហាមកលើព្រះអង្គយ៉ាងពុះកញ្ជ្រោល។ ប៉ុន្តែពុំមានអ្វីធ្វើឲ្យទាក់ទាញព្រះទ័យព្រះអង្គប៉ុន្មានឡើយ។ តែទោះបីយ៉ាងនេះក៏ដោយ ក៏រយៈពេល២ឆ្នាំក្រោយមក ព្រះអង្គបានបំពេញចំណង់តណ្ហាដ៏ឆាបឆេះឲ្យស្នំនោះ ហើយចំណងស្នេហ៍នេះក៏ត្រូវកាត់ផ្តាច់ទៅវិញ ក្នុងរយៈពេលដ៏ខ្លី។
ផ្ទុយទៅវិញ ព្រះអង្គបានលង់ស្នេហ៍យ៉ាងងប់ងល់ទៅលើនាដកាឯកនៃរបាំព្រះរាជទ្រព្យម្នាក់ ឈ្មោះផាត់ កាញ៉ុល។ ប៉ុន្តែស្នេហានេះបានធ្វើឲ្យលោកទេសាភិបាលជាន់ខ្ពស់ ធី បូដូ និងព្រះអយ្យិកោ ព្រះសុធារស ធ្លាក់ចុះទៅក្នុងក្តីអស់សង្ឃឹមយ៉ាងខ្លាំង ហើយបាននាំគ្នាទៅអង្វរឲ្យព្រះអង្គផ្តាច់ទំនាក់ ទំនងស្នេហានេះ ដើម្បីចៀសវាងកុំឲ្យពួកមន្ត្រីបារាំងនិងពួកគហបតីមួយចំនួន នាំគ្នាសើចចំអក ឡកឡឺយតទៅទៀត។ តែទោះបីយ៉ាងណា ក៏ព្រះមាតា កុសុមៈ សព្វព្រះទ័យចំពោះអ្នកម្នាងផាត់ កាញ៉ុល នេះជាទីបំផុត។
ដោយពុំអាច ពន្លត់ភ្លើងស្នេហ៍របស់ព្រះមហាក្សត្រនិងអ្នកម្នាង ផាត់កាញ៉ុល ដែលកំពុងឆាបឆេះ យ៉ាងសន្ធោសន្ធៅបាន លោក ទេសាភិបាល ជាន់ខ្ពស់ធីបូដូ បានរៀបចំអោយមានព្រះរាជដំណើរទស្សនកិច្ច រយៈពេលវែងមួយ ទៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស លើកលែងតែខេត្ត មួយចំនួន ដែលសៀមដណ្តើមយកទៅថ្មីៗ ដូចជាខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ ជាដើម គឺ ក្នុងគោលបំណង បន្លប់ ព្រះទ័យព្រះអង្គកុំអោយលង់ស្នេហ៍នឹងអ្នកម្នាង កាញ៉ុល តទៅទៀត ដោយ មានវត្តមាន លោកទេសាភិបាលជាន់ខ្ពស់ ជូនដំណឹងផ្ទាល់ផង ។
គ្រប់ភូមិស្រុក ដែលព្រះអង្គយាងកាត់ ប្រជាកសិករប្រុសស្រីក្មេងចាស់ជាកូនចៅបាននាំគ្នាយក ដង្វាយដូចជាអង្ករ ផ្លែឈើ ផលិតផលសិប្បកម្មរហូតដល់ មានទៀនធូបផងមកថ្វាយព្រះអង្គ។ ចំណែក ឯទេសាភិបាលបារាំងដែលជាប្រមុខនៅតាមបណ្តាខេត្តនានាបានរៀបចំទទួលព្រះអង្គយ៉ាងអធិកអធម
ដើម្បីធ្វើអោយព្រះអង្គមានព្រះទ័យសប្បាយរីករាយនិងគង់ស្នាក់នៅប្រកបដោយផាសុកភាព។ ពួកគេបានរៀបចំបន្ទប់ដ៏ល្អប្រណីតនិងម្ហូបអាហារបារាំងយ៉ាងផ្ចិតផ្ចង់បំផុត។ភរិយារបស់លោកទេសាភិបាលខេត្តខ្លះមានសម្រស់ស្រស់ប្រិមប្រិយ៍នាំគ្នាមកនៅជុំវិញព្រះអង្គ។ព្រះអង្គសព្វព្រះទ័យ ជួបលោកទេសាភិបាលរ៉ូមុំាងនិងភរិយា ដែលធ្លាប់ជាមិត្តភ័ក្តិជិតស្និទ្ធរបស់ព្រះបិតាព្រះមាតាព្រះអង្គ។
លោកធីបូដូបានរៀបចំអោយមានកម្មវិធីជាច្រើនទៀតធ្វើយ៉ាងណាអោយព្រះអង្គបំភ្លេចអ្នកម្នាងកាញ៉ុលទាល់តែបាន។ ប៉ុន្តែពេលត្រលប់ចូលមកដល់ព្រះបរមរាជវាំងវិញភ្លើងស្នេហ៍នោះកាន់តែឆាប ឆេះជាងមុនទៅទៀត ។នៅថ្ងៃទី៣១ខែតុលាឆ្នាំ១៩៤១ ព្រះរាជពិធីអភិសេកសម្តេចព្រះនរោត្តមសីហនុ អោយឡើងគ្រងរាជសម្បត្តិជាផ្លូវការបានប្រព្រឹត្តឡើងយ៉ាងអធិកអធមឧត្តុង្គឧត្តមបំផុតដោយមានការដង្ហែក្បួនយ៉ាងវែង។
នៅលើវេទិកាកិត្តិយសឯណោះសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់បារាំង ពិសេសគឺវត្តមានរបស់លោកឧត្តមនាវីហង្ស់ដឺគូ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនទាំងមូលនិងប្រតិភូប្រទេសឡាវដឹកនាំដោយ ព្រះមហាក្សត្រ ស៊ីសាវ៉ាងវង្សផងដែរ។ ក្បួនដង្ហែនេះត្រូវឆ្លងកាត់មហាវិថីមួយចំនួនក្នុងរាជធានី មុននឹងត្រលប់ចូលមកប្រាសាទទេវាវិនិច្ឆ័យដើម្បីអោយសម្តេចព្រះសង្ឃរាជទាំង២គណៈខាងព្រះពុទ្ធសាសនា និងព្រះរាជគ្រូញ្រហ្មបុរោហិតបំពាក់ម្កុដរាជ្យ។
នៅខាងមុខនិងខាងក្រោយ ព្រះស្នែងព្រះអង្គផ្ទាល់មានខ្សែភ្លេងត្រែប្រគំលាន់ទ្រហឹងបន្ទាប់មកក្រុមរបាំប្រជាប្រិយ នាម៉ឺនសព្វមុខ មន្ត្រី ពួកព្រះអង្គម្ចាស់ និងអស់លោកជាមន្ត្រីដែលមានឯកសណ្ឋាននិងគ្រឿងឥស្សរិយយសពេញៗស្មានិងទ្រូង ព្រមទាំងក្រុមព្រះអង្គម្ចាស់ក្សត្រិយនិងលោកជំទាវ ប្រកបដោយសំលៀក បំពាក់ស្រស់ ឆើតឆាយ។បន្ទាប់មកគឺដំរីស ដ៏ពិសិដ្ឋ(តាមពិតដំរីឃ្លៀច)។ ហែហមដោយដំរីប្រផេះក្រម៉ៅដែល មានក្រាលកំរាលខ្នងដោយសំពត់សូត្រនិងគ្រឿងអលង្ការមាសប្រាក់ជាច្រើនក្បាល។ជួរទ័ពសេះប្រដាប់ដោយទង់សុវណ្ណជ្វាលា រំលេចពណ៌សំរាប់ព្រះមហាក្សត្រថ្មីគឺពណ៌លឿងនិងខៀវ ។បន្ទាប់មកទៀត មានក្រុមគណៈប្រតិភូរាជធានីនិងខេត្តនានា ក្រុមជនជាតិ ចាម ជនជាតិភាគតិច (ភ្នង គួយ ព័រ សំរ៉ែ ។ល។) ក្រុមជនជាតិចិន វៀតណាមនៅកម្ពុជា ក្នុងសំលៀកបំពាក់តាមប្រពៃណីនិងភ្លេងរបាំតាមជាតិសាសន៍រៀងៗខ្លួន។
ព្រះរាជពិធីអភិសេកនេះ ជាន់គ្នានឹងព្រះជន្មគម្រប់១៩ព្រះវស្សារបស់ព្រះអង្គគ្មានលើសឬខ្វះមួយថ្ងៃឡើយ។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃ ទី៣១ខែតុលា ឆ្នាំ១៩២២ ហើយត្រូវអភិសេកឡើងសោយរាជ សម្បត្តិនៅថ្ងៃទី៣១ខែតុលាឆ្នាំ១៩៤១ គឺគម្រប់ព្រះជន្ម១៩ព្រះវស្សាគត់។ ការកំណត់ ថ្ងៃអភិសេក ឡើងសោយរាជសម្បត្តិនេះ ធ្វើឡើងតាមការទស្សន៍ទាយរបស់ ហោរាប្រចាំព្រះបរមរាជវាំងតាមសំណើ របស់ព្រះមាតារបស់ព្រះអង្គផ្ទាល់តែម្តង។
ពេលនោះដែរ ទោះបីព្រះអង្គដាក់ព្រះទ័យលង់ស្នេហ៍តែលើអ្នកម្នាងកាញ៉ុលពុំមានអ្វីមករារាំងឃាឃាំង បានយ៉ាងណាក៏ដោយ ក៏ពេលនោះត្រូវបានគេចាត់ទុកថាព្រះមហាក្សត្រគង់នៅលីវ (ពុំទាន់មានមហេសី) ដូច្នេះហើយគេពុំឃើញមានស្រីណាម្នាក់នៅអមក្បែរព្រះអង្គនៅក្នុងព្រះរាជពិធី អភិសេកនោះឡើយ សូម្បីអ្នកម្នាងកាញ៉ុលក៏គ្មានវត្តមាននៅក្បែរព្រះអង្គដែរ។
ព្រះអយ្យិកោព្រះសុធារសបានបង្ខំព្រះអង្គអោយផ្តាច់ទំនាក់ទំនងស្នេហាជាមួយអ្នកម្នាង កាញ៉ុលអោយ បាន ដោយទ្រង់មានបំណងចង់អោយព្រះអង្គទៅរៀបអភិសេកជាមួយម្ចាស់ក្សត្រិយ៍ម្នាក់ ដែលមាន វ័យក្មេងនិងមានសម្រស់ស្រស់ប្រិមប្រិយ៍របស់ប្រទេសថៃឯណោះ ព្រោះព្រះអយ្យិកោព្រះសុធារសធ្លាប់ ទៅបន្តការសិក្សានៅប្រទេសថៃកាលនៅជាយុវវ័យ ហើយទ្រង់ក៏ជារាជវង្សមួយអង្គដែល និយមចូលចិត្ត ថៃជាងបារាំងដែរ ។
សេចក្តីស្នហារវាងព្រះអង្គនិងអ្នកម្នាងកាញ៉ុលនៅឆ្នាំ១៩៤៣ទទួលបានបុត្រីមួយគឺព្រះអង្គម្ចាស់ នរោត្តមបុប្ផាទេវីដែលក្រោយមកបានបន្តមរតកពីព្រះមាតា(អ្នកម្នាងកាញ៉ុល) ជានាដកាឯកផ្នែករបាំ ព្រះរាជទ្រព្យខ្មែរ។នៅឆ្នាំ១៩៤៤ទទួលបានបុត្រាមួយទៀតគឺព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ។ ប៉ុន្តែមុននឹង ទទួលបានបុត្រីបុប្ផាទេវីនិងបុត្រារណឫទ្ធិនោះ នៅឆ្នាំ១៩៤២ គឺក្រោយអភិសេក ឡើងគ្រង រាជសម្បត្តិមិនយូរប៉ុន្មាន ព្រះអង្គបានចាប់ ព្រះទ័យស្នេហាទៅលើព្រះអង្គម្ចាស់ក្សត្រិយដ៏ក្មេងខ្ចីមួយអង្គ ដែលទើបមានព្រះជន្មទើបតែ១៣កន្លះប៉ុណ្ណោះ គឺព្រះអង្គម្ចាស់ក្សត្រិយស៊ីសុវត្ថិពង្សសាន្តមុនីជាបុត្រីព្រះបរម សពព្រះមុនីវង្សជាមួយនិងស្នំម្នាក់ឈ្មោះឃុនណាត។ ការពិតទៅម្ចាស់ក្សត្រិយស៊ីសុវត្ថិពង្សសាន្តមុនី ត្រូវជាម្តាយមីងរបស់ព្រះអង្គតែម្តង។ម្ចាស់ក្សត្រិយ ដ៏ក្មេងខ្ចីនេះ ត្រូវអ្នកម្នាងឃុនណាត ជាមាតានាំមក បង្ហាញខ្លួននៅក្នុងព្រះបរមរាជវាំងដោយយកលេសថាមកថ្វាយបង្គំ សម្តែងការគួរសមចំពោះ ព្រះមាតា ព្រះអង្គគឺម្ចាស់ក្សត្រិយស៊ីសុវត្ថិកុសុមៈ ដែលទ្រង់ជាអ្នកទទួលបន្ទុកឃុំគ្រងបុត្រាបុត្រីនៃព្រះបរមសព ព្រះមុនីវង្សទាំងអស់ក្រោយពេលព្រះអង្គសោយទិវង្គតទៅ។
ចំពោះសេចក្តីស្នេហានេះ ព្រះមហាក្សត្របានឡាយបញ្ជាក់ថាព្រះនាងស៊ីសុវត្ថិពង្សសាន្តមុនី ទើបតែ ព្រះជន្មបាន១៣ព្រះវស្សាកន្លះមែន ប៉ុន្តែពេញរូបរាងក្រមុំទៅហើយ ។រូបសម្ផស្សស្រស់ស្អាត និងល្វត ល្វន់របស់ព្រះនាងបានឆក់បេះដូងព្រះអង្គភ្លាមមួយរំពេច។ដោយ មិនអោយព្រះមាតាបានដឹងពីរឿង ស្នេហានេះ ព្រះអង្គក៏តាមចែចង់គ្មានបង្អង់យូរ ហើយព្រះនាងក៏យល់ព្រមប្រគល់សេចក្តីស្នេហាបរិសុទ្ធ ថ្វាយព្រះអង្គដោយ មិនបាច់តុបតែងខ្លួននាំតែខាតពេល។
ប៉ុន្តែក្រោយពេលអាថ៌កំបាំងស្នេហានេះត្រូវបែកធ្លាយល្បីឡើងសុសសាយ មជ្ឈដា្ឋនពួកមន្ត្រីបារាំងបានស្រែក ប្រឆាំងជំទាស់ចំពោះវ័យដ៏ក្មេងខ្ចីរបស់ព្រះនាងពង្សសាន្តមុនី និងការជាប់ខ្សែលោហិត គឺត្រូវជាម្តាយមីងរបស់ព្រះអង្គផងដែរ។
នៅទីបំផុត ពួកគេបានរាយការណ៍រឿងនេះទៅដល់លោកហ្សង់ ដឺគូ ជាអគ្គទេសាភិបាលបារាំងប្រចាំ ឥណ្ឌូចិន ដែលស្នាក់នៅទីក្រុងព្រៃនគរ។ មិនយូរប៉ុន្មាន លោកហ្សង់ ដឺគូ បានបញ្ជូនលោកហ្ស័ក ហ្គោជេ មកធ្វើជាទេសាភិបាលជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជា ជំនួសលោកធីបូដូ វិញ។
ម្តងនេះ មិនដូចកាលស្នេហ៍ជាមួយអ្នកម្នាងកាញ៉ុលទេ សូម្បីតែព្រះមាតាក៏ចូលរួមជាមួយព្រះបិតា ព្រះអយ្យិកោ ធ្វើការស្តីបន្ទោសព្រះអង្គយ៉ាងខ្លាំង។ តែព្រះអង្គព្យាយាមទាក់ទាញឲ្យទ្រង់ឈ្វេងយល់ ដល់បុព្វហេតុស្នេហានេះផង ដោយមានបន្ទូលអង្វរលួងលោមថា ដើម្បីបញ្ចប់នូវមាត់ចាបមាត់ព្រាប មកលើទំនាក់ទំនងនៃសេចក្តីស្នេហានេះ ព្រះអង្គសូមរាជានុញ្ញាតពីទ្រង់ទាំងអស់គ្នា សុំរៀបអភិសេក ជាមួយព្រះនាងពង្សសាន្តមុនី តែម្តងទៅ។ ព្រះមាតាកុសុមៈ ទ្រង់សណ្តាប់ដូច្នេះក៏ភ្ញាក់ស្រឡាំងកាំងជា មួយបន្ទូលភ្ញាក់ផ្អើលថា៖ «អភិសេកជាមួយ ពង្សសាន្តមុនី?» ចូរបុត្រកុំគិតដល់រឿងហ្នឹងឲ្យសោះ ព្រោះនៅ ក្នុងព្រះបរមរាជវាំង នរណាក៏ដឹងថា អ្នកស្រី ឃុន ណាត ជាម្តាយ ពង្សសាន្តមុនី បានបោកប្រាស់ ព្រះមហាក្សត្រ ព្រះមុនីវង្សដ៏ល្អរបស់យើងជាមួយនឹងបុត្ររបស់ព្រះអង្គ គឺទ្រង់មុនីរ៉េត។ ដូច្នេះ ពង្សសាន្តមុនី ក៏ពុំមានស្វាមីភ័ក្តិស្មោះត្រង់នឹងបុត្រដូចម្តាយគេដែរ។ ពង្សសាន្តមុនី នឹងបោកប្រាស់ ព្រះមហាក្សត្រ ដូចជាកូននេះមិនខាន។ នេះជារឿងអាស្រូវមួយដែលមាតារបស់កូនមិនអាចមានជីវិត រស់នៅបានឡើយ៕ ឈឹម ប៉ាវ
» ប្រវត្តិសាស្រ្ត » ព្រះរាជជីវប្រវត្តិ ភាគទី3: ព្រះមហាក្សត្រវ័យក្មេងនិងល្បែងស្នេហា