បញ្ហាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ជាក្បាច់ប្រចាំត្រកូលរបស់គណបក្សប្រឆាំង ដែលមានតាំងពី សម័យបោះឆ្នោតសាកលឆ្នាំ១៩៩៨មកម្ល៉េះ។ កាលនោះមិនថាតែគណបក្សសមរង្ស៊ី ដែលទទួលបានអាសនៈ ចំនួន១៥នៅក្នុងរដ្ឋសភាប៉ុណ្ណោះទេ សូម្បីតែគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានអាសនៈ៤៣អាសនៈ ក៏ធ្វើ បាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនោះដែរ។ តែចុងក្រោយគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏យល់ព្រមមក បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតបាន៦៤អាសនៈនៅក្នុងរដ្ឋសភា។ ឯ គណបក្សសមរង្ស៊ី ក៏ទទួលយកតំណែងតំណាងរាស្ត្រនៅក្នុងរដ្ឋសភា១៥កៅអីដែរ។
បន្ទាប់មកទៀត នៅក្នុងការបោះឆ្នោតអាណត្តិទី៣ ឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតទទួលបាន ៧៣អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន២៦អាសនៈ និងគណបក្សសមរង្ស៊ី ទទួលបាន២៤អាសនៈ។ ហ្វ៊ុនស៊ិនប៉ិច និងសមរង្ស៊ី បានរួបរួមគ្នាបង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យ មិនទទួលស្គាល់លទ្ធផលនៃការបោះ ឆ្នោតដូចឆ្នាំ១៩៩៨ដែរ។
កាលនោះ រដ្ឋធម្មនុញ្ញបានកំណត់ថា រដ្ឋាភិបាលថ្មីអាចកើតឡើងបានទាល់តែមានសំឡេងគាំទ្រ២ភាគ៣ នៅ ក្នុងរដ្ឋសភា ក៏ធ្វើឲ្យមានការជាប់គាំងខាងនយោបាយអស់មួយឆ្នាំ គឺរហូតដល់ខែកក្កដាឆ្នាំ២០០៤ ទើប ហ្វ៊ុនស៊ិនប៉ិចដោះដៃពីសមរង្ស៊ី មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បង្កើតរដ្ឋាភិបាលចម្រុះម្តងទៀត ទុកឲ្យគណបក្សសមរង្ស៊ី ទទួលតំណែងតំណាងរាស្ត្រ២៤អាសនៈប៉ុណ្ណោះ។
លុះដល់សម័យបោះឆ្នោតអាណត្តិទី៤ ឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា បាន៩០អាសនៈ គណបក្ស សមរង្ស៊ី បាន២៦អាសនៈ គណបក្សសិទ្ធិមនុស្ស បាន៣អាសនៈ គណបក្សនរោត្តមរណឫទិ្ធបាន២អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបាន២អាសនៈ ។ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស ប្រកាសមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ដោយចោទប្រកាន់ថា ការបោះឆ្នោតមិនត្រឹមត្រូវ មិនយុត្តិធម៌ បន្លំសន្លឹកឆ្នោត ចេះតែ ចោទ ចេះតែស្រែកទៅ ព្រោះនេះវាជាក្បាច់ប្រចាំត្រកូលរបស់គណបក្សប្រឆាំង ក្រោយការប្រកាសលទ្ធផលបោះ ឆ្នោត គឺគេត្រូវតែធ្វើអ៊ីចឹង ព្រោះបើមិនធ្វើដូច្នេះប្រាកដជាត្រូវរន្ទះបាញ់ជាមិនខាន។
ប៉ុន្តែសំរាប់អាណត្តិទី៥ ឆ្នាំ២០១៣នេះ គណបក្សសង្គ្រោះជាតិ មារយាទអន់ដែលកើតឡើងដោយការរួបរួមគ្នា រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សនោះ បានស្រែកប្រកាសពីពេលនេះទៅហើយថា ពួកគេនឹង មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាខាងមុខនេះទេ។
ប្រសិនបើមិនទាន់ដឹងថា មានរឿងអ្វីដែលកើតឡើងផង ហេតុអ្វីពួកគេហ៊ានប្រកាសមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតចាប់ពីពេលនេះទៅហើយ។ បើពិតជាចិត្តសឿងមែននេះ ពួកគេមិនចាំបាច់យកគណបក្ស សង្គ្រោះជាតិ មកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតធ្វើអ្វី?
ការពិតមិនខុសពីអ្វីដែលយើងបានលើកឡើងពីខាងដើមមកហើយថា នេះជាក្បាច់ប្រចាំត្រកូលរបស់គណ បក្សប្រឆាំងតាំងពីឆ្នាំ១៩៩៨មក គឺគេតែងតែប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដូច្នេះឯង ប៉ុន្តែ ពេលដែលគេគោះជួងប្រជុំសមាជិកសភាដំបូង ច្បាស់ជានាំគ្នារត់សម្រុកចូលទៅប្រជុំដែរជាមិនខាន ព្រោះ ខ្លាចបាត់តំណែងនៅក្នុងសភា ដែលមានតែប៉ុន្មានអាសនៈនោះ។
សមរង្ស៊ីនិងកឹម សុខា ប្រាកដជាដឹងខ្លួនឯងច្បាស់ហើយថា ប្រសិនបើមិនចូលប្រជុំដំបូងនៅក្នុងរដ្ឋសភាទេ អាសនៈដែលខ្លួនមានទាំងប៉ុន្មាននឹងត្រូវបែងចែកទៅឲ្យគណបក្សផ្សេងៗទៀត អស់ជាមិនខានតើបានអីលិឍ?
មហាជនប្រាកដជាស្គាល់ច្បាស់នូវល្បិចប្រចាំត្រកូលរបស់គណបក្សប្រឆាំង គឺតែប៉ុណ្ណឹងឯង ដំបូងតែងតែមិន ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត លុះដល់ពេលប្រជុំរត់ទង្គិចក្បាលគ្នា សម្រុកចូលរដ្ឋសភាខ្លាចមិនទាន់ គេ។ បើគណបក្សប្រឆាំងពិតជាខ្លាំងពីរឿងប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដោយគ្មានល្បិច កល បោកបញ្ឆោតសាធារណមតិមែននោះ ក្រោយពេលប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយ តើអាចបោះបង់ចោលអាសនៈដែលខ្លួនមាននៅក្នុងរដ្ឋសភាដែរឬទេ? ប៉ុន្តែធ្វើម៉េចពួកគេនឹងហ៊ានទៅ? ព្រោះនេះវាគ្រាន់តែជាល្បិចប្រចាំត្រកូលសំរាប់បន្លំភ្នែកអ្នកគាំទ្ររបស់ពួកគេតែប៉ុណ្ណោះ៕
ដោយ៖ ស្ងួន ពិមល់