សៀមរាប ៖ មន្ត្រីអង្គការសង្គមស៊ីវិល កាលពីកន្លងទៅធ្លាប់ បានអះអាងថា ប្រជា ពលរដ្ឋខ្មែរ មួយចំនួនបានទទួល រងនូវការ បាញ់ប្រហារជីវិត ពីសំណាក់ ទាហានថៃ នៅខណៈពេល ដែលពួកគាត់បានលួចចូល ទៅកាប់ឈើគ្រញូង នៅទឹកដីរបស់គេ នោះ ។ បញ្ហាទាំងអស់នោះ ដោយសារតែសកម្មភាពធ្វើចរាចរណ៍ នៃចរន្តជំនួញឈើគ្រញូង នៅស្រុកអន្លង់វែង កំពុងមានសន្ទុះកាន់តែខ្លាំងឡើងៗ ពីក្រុមឈ្មួញទុច្ចរិត ។
សមត្ថកិច្ចជំនាញ ដូចជាមេព្រៃ. ប៉េអឹម. ប៉ូលិស. ទាហាន. ដឺបេ. ចារកិច្ច. នៅស្រុកអន្លង់វែង និងនៅតាមបណ្ដោយផ្លូវលេខ (៦៧ ហៅផ្លូវហាយវ៉េ) និងសៀមរាប នរណាៗក៏ស្គាល់ឈ្មួញរត់ពន្ធឈើគ្រញូង ប្រើស្បែកយោធាឈ្មោះ វាន្នី ដែរ តែមិនហ៊ានចាប់មិនហ៊ានប៉ះពាល់ទេ។
ប្រការដែលសមត្ថកិច្ចចម្រុះស្គាល់ឈ្មួញដ៏មហិមាប្រើស្បែក ជាមន្ត្រីយោធានេះ ក៏ដោយសារឈ្មួញឈើរូបនេះ ធ្វើសកម្មភាព រត់ពន្ធឈើគ្រញូង ចេញពីតំបន់ស្រុកអន្លង់វែង ឆ្ពោះទៅកាន់ព្រំដែនងងឹតវៀតណាម តាមផ្លូវលេខ ៦៧ និងផ្លូវជាតិលេខ ៦ ដោយឆ្លងកាត់ខេត្តសៀមរាប. ខេត្តកំពង់ធំ និងផ្លូវជាតិលេខ ៥ បានដោយសុវត្ថិភាពជាយូរឆ្នាំមកហើយ ។
សមត្ថកិច្ចជាច្រើនបាននិយាយថា សកម្មភាពរត់ពន្ធជំនួញឈើគ្រញូង ដោយខុសច្បាប់ របស់មន្ត្រីយោធា វាន្នី បានប្រើ ប្រាស់ នូវរថយន្តកាមរីបាឡែន ជាច្រើនគ្រឿង ដោយបានដឹកជញ្ជូននៅរៀងរាល់យប់ ពុំមានសមត្ថកិច្ចជំនាញ ណាចេញមុខបង្ក្រាប បទល្មើសនេះឡើយ ។ ទាំងនេះក៏ដោយសារឈ្មួញរូបនេះ បានប្រើទឹកលុយទិញឧត្តមគតិមន្ត្រីៗ ដែលមានភារកិច្ចបង្ក្រាប អស់ហើយ ជាពិសេសលោក ទា គឹមសុទ្ធ មេព្រៃសៀមរាបតែម្ដង ដែលបានចាត់តាំងឲ្យឈ្មោះ មែន វុទ្ធី ហៅ ធី ឡយ ប្រ មូលលុយពីក្រុមឈ្មួញ ។
មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង បានបង្ហើបឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើគ្រញូង ចេញពីតំបន់ស្រុកនេះ ពិតជាមាន ច្រើនមែន ប៉ុន្តែរាល់ការបង្ក្រាបមានផលពិបាក ដោយសារក្រុមអ្នករកស៊ី និងកាង សុទ្ធតែសមត្ថកិច្ចប្រដាប់អាវុធ ជាពិសេស ឈ្មួញឈើ ឈ្មោះ វាន្នី ក៏ជាទាហានម្នាក់ផងដែរ ប្រដាប់ដោយអាវុធ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ធ្លាប់បានធ្វើការប្រមានខ្លាំងៗ ចំពោះកងកម្លាំងប្រដាប់ អាវុធណា ដែលមានពាក់ព័ន្ធទៅនឹងសកម្មភាពរកស៊ីបទល្មើសព្រៃឈើ ត្រូវចាត់វិធានការ យ៉ាងតឹងរ៉ឹងគឺចាប់ខ្លួន តែម្ដង បើ សិនជារកឃើញនិងមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកនោះ ។
ការថ្លែងប្រមានបែបនេះចង់បញ្ជាក់ថាកងកម្លាំងមិនត្រូវមានការពាក់ព័ន្ធ ជាមួយសកម្មភាព បទល្មើសព្រៃឈើនោះ ឡើយ ព្រោះបទល្មើសព្រៃឈើ ជាចំណុចក្ដៅគគុក ដែលរាជរដ្ឋាភិបាល បច្ចុប្បន្ន កំពុងតែចាប់អារម្មណ៍ និងចាត់វិធានការ តាម ផ្លូវច្បាប់ដែលកំពុងអនុវត្ត តែលោកវាន្នីមិនញញើតសោះ ។
កន្លងមក សម្តេច ហ៊ុន សែន បានធ្វើការព្រមាននិងក្រសួងការពារជាតិ ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងយ៉ាងណា ក៏ដោយក៏នៅមិនទាន់មានការចាប់ខ្លួន មន្ត្រីកម្លាំងប្រដាប់អាវុធ ដែលមានការជាប់ពាក់ព័ន្ធ ជាមួយបទល្មើសព្រៃឈើ នៅ ឡើយ ទេ ចំណុចនេះមន្ត្រីអង្គការ សង្គមស៊ីវិល បានកំពុងតែជំរុញ ឲ្យប្រមុខរាជរដ្ឋាភិបាលត្រូវតែចាប់ខ្លួនមន្ត្រីណា ដែល បាន ពាក់ព័ន្ធនោះ ទុកជាគំរូ សំរាប់អ្នកផ្សេងទៀត ។
មន្ត្រីរដ្ឋបាលព្រៃឈើ សៀមរាបបានអះអាងថា លោក ទា គឹមសុទ្ធ អតីតមេរង ខណ្ឌមេព្រៃសៀមរាប បច្ចុប្បន្ន ឡើងជាមេខណ្ឌ គាត់បានចាត់តាំង ឲ្យមេព្រៃជំនិត របស់គាត់ឈ្មោះ មែន វុទ្ធី ហៅ ធី ឡាយ ប្រមូលលុយពី ក្រុម ឈ្មួញដឹកឈើ ដោយខុសច្បាប់ ក្នុងនោះ លោក ទា គឹមសុទ្ធ ក៏បានតម្រូវឲ្យ មន្ត្រីសង្កាត់ និងផ្នែកបង់លុយជាខែ ជាប្រចាំឲ្យគាត់ ដោយ ធី ឡាយ ជាអ្នកដើរប្រមូល ។
មេព្រៃរូបនោះបានបន្ថែមថា បានជាលោក ទា គឹមសុទ្ធ តម្រូវឲ្យ ធី ឡាយ ដើរប្រមូលលុយពីឈ្មួញ និងពីសង្កាត់ពីផ្នែក ព្រោះតែគាត់យកលុយទាំងនោះ ទៅបង់ជាប្រចាំខែ ឲ្យប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន កុំឲ្យមានការចុះផ្សាយនៃការដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ក្នុងខេត្តសៀមរាប ។ ពិតឬមិនពិតយ៉ាងណា នោះ កាសែតអរិយធម៌នឹងធ្វើការទំនាក់ទំនងទៅលោក ទា គឹមសុទ្ធ តែម្សិលមិញមិនអាចទាក់ទងបានទេ៕
ដោយ៖ នាយដន